រដ្ឋបាលខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅភូមិសានគ(ខ) ជាង២០០គ្រួសារ ទទួលបានវិញ្ញាបនបត្រសំគាល់ ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) សរុបចំនួន២,៤៧៣ប័ណ្ណ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់មានសិទ្ធិ កាន់កាប់ស្របច្បាប់ និងជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ក្នុងកិច្ចការងារ ផ្សេងៗ។
នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០, ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញ ចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនដល់ប្រជាពលរដ្ឋ នៅភូមិសានគ(ខ) ឃុំសានគ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន២,៤៧៣ប័ណ្ណ។ ក្នុងឱកាសនោះឯកឧត្តម លើកឡើងថា ការផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីនៅពេលនេះ ពិតជាមានសារសំខាន់ណាស់ ដែលធ្វើឲ្យ ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិស្របច្បាប់ រក្សាបាននូវទំហំដីមួយពិតប្រាកដគ្មានការរំកិលព្រំ និងអាចយកទៅប្រើប្រាស់ក្នុងកិច្ចការងារផ្សេងៗ។
ឯកឧត្ដមបន្តថា ការផ្តល់ប័ណ្ណកម្មសិទ្ធិនេះ គឺបានផ្តល់ភាពត្រឹមត្រូវចំពោះប្រជាពលរដ្ឋ និងផ្តល់ទំនុកចិត្តខ្ពស់ ផ្អែកលើក្រមខ័ណ្ឌនៃច្បាប់។
ក្នុងនោះដែរ អាជ្ញាធរគ្រប់ឃុំ សង្កាត់ ត្រូវការពារបង្គោលប្រថពីវិភាគដែលបានដាំដុះរួចឲ្យគង់វង្ស ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ រីឯបងប្អូនប្រជាពលរដ្ឋវិញ សូមរក្សាព្រំដីរបស់ខ្លួនដែលបានកំណត់ ក្នុងប័ណ្ណ មិនរំកិល មិនបំពានគ្នាទៅវិញទៅមក ដែលនាំឲ្យការវិវាទកើតឡើង! ជាពិសេសត្រូវរក្សា សន្លឹកប័ណ្ណឲ្យបានល្អប្រសើរការពារការខូចខាត ឬបាត់ដោយប្រការណាមួយ។
ទន្ទឹមនេះ ឯកឧត្តមសូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរ ក្រុង/ស្រុក ត្រូវបន្តថែរក្សាអនាម័យក្នុងការរស់ នៅប្រចាំថ្ងៃក្នុងក្រុមគ្រួសារ និងតាមទីសាធារណៈ ដើម្បីទប់ស្កាត់បាននូវការឆ្លងរីករាលដាលជំងឺ កូវីដ១៩ដំណាក់កាលទី២ក្នុងមូលដ្ឋាន, ជៀសឆ្ងាយពីគ្រឿងញៀន, គោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានត្រឹមត្រូវតាមអនុក្រឹត្យលេខ៣៩របស់ក្រសួងមហាផ្ទៃ ដើម្បីរួចផុតពីការផាកពិន័យ និងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវដែលកើតឡើងជាយថាហេតុ។
ជាមួយគ្នានេះផងដែរ លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានធ្វើរបាយការណ៍ លើកឡើងថា ពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅភូមិសានគ(ខ)នាពេលនេះមានចំនួន ២,៤៧៣ក្បាលដី។ ក្នុងនោះ មានដីសាងសង់៧៩០ក្បាលដី, ដីផលិតកម្មកសិកម្ម១,៦៦៨ក្បាលដី , ដីសាលាឃុំ០១ក្បាលដី, ដីទួលកប់ខ្មោច០៨ក្បាលដី, ដីសាលារៀន០២ក្បាលដី, ដីត្រពាំង០៣ក្បាលដី, ដីទួលអ្នកតា០២ក្បាលដី និងដីគ្មានទិន្នន័យ៨៧ក្បាលដីផងដែរ៕