រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរមុខងារ​សាធារណៈ​ខេត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ÷ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជួបសំណេះសំណាល និងផ្ដល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរមុខងារសាធារណៈខេត្តកំពង់ធំ ដោយមានការអញ្ជើញ​ចូលរួមពីប្រតិភូនៃក្រសួងមុខងារសាធារណៈ ឯកឧត្ដម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និង លោក លោកស្រី មន្រ្ដីនៃមន្ទីរមុខងារសាធារណៈខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ។

លោក កើត រ័ត្ន ប្រធានមន្ទីមុខងារសាធារណៈខេត្តកំពង់ធំ ឡើងរាយការណ៍ជូនអំពីសមិទ្ធផល ការងារ និង​វឌ្ឍនភាពនៃមន្ទីរដែលសម្រេចបាននាពេលកន្លងមកដូចជា មន្ទីមុខងារសាធារណៈខេត្ត បានពិនិត្យ សំណុំ​ឯកសារ និងដីកាគ្រប់ប្រភេទរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងស៊ីវិលក្នុងខេត្ត តាមប្រភេទក្របខណ្ឌ សរុប​ចំនួន៧៦៨៤នាក់ ស្រី៣៥០៦នាក់ លើសពីនេះទៀតក៏បានពិនិត្យ ផ្ទៀងផ្ទាត់ និងផ្តល់ទិដ្ឋាការ​លើសំណុំ​ឯកសារផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសារ មន្ត្រីរាជការស៊ីវិល និងសំណុំឯកសារ​បៀវត្ស​ប្រចាំខែ​របស់​មន្ត្រីរាជការស៊ីវិល នៅតាមបណ្តាមន្ទីរ អង្គភាព ក្រុង ស្រុកជុំវិញខេត្ត។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍អំពីការ​ធ្វើកំណែ​ទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ របស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញព្រះរាជក្រឹត្យ លក្ខន្តិកៈ សម្រាប់​បុគ្គលិក​រដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុក្រឹត្យលេខ២៤០ អមដោយសេចក្តីណែនាំរបស់ក្រសួងមុខងារ​សាធារណៈ​​ចំនួន០២ទៀត គឺសេចក្តីណែនាំលេខ៧៨៨ និង៧៨៩ ហើយថ្មីៗនេះរាជរដ្ឋាភិបាលបាន​សម្រេចធ្វើ​សមាហរណកម្មការិយាល័យ អង្គភាពជំនាញនានាជុំវិញក្រុង ស្រុក ខណ្ឌ ។ ហើយរដ្ឋបាលខេត្តបានចេញ​ដីកាមួយចំនួនដូចជា៖ ការដាក់ឲ្យស្ថិតនៅក្រៅក្របខណ្ឌដើម ការអនុញ្ញាតឲ្យចូលបម្រើការងារនៅអង្គភាព​ដើមវិញបន្ទាប់ពីស្នើសុំទំនេរគ្មានបៀវត្ស ការលុបឈ្មោះមន្ត្រីរាជការ ការផ្លាស់ប្តូរកន្លែងការងារ ការដំឡើង​ថ្នាក់តាមកម្រិតសញ្ញាបត្រ ការតែងតាំង និងផ្លាស់ប្តូរភារកិច្ច។ ឯកឧត្តមបន្ដទៀតថា ការគ្រប់គ្រង​បុគ្គលិកបច្ចុប្បន្ននេះ ជាកិច្ចការថ្មីសម្រាប់រដ្ឋបាលក្រុង ស្រុក ដូចនេះត្រូវទាមទារឲ្យ​មានការផ្តល់កិច្ច​សហការណ៍ល្អពីសំណាក់ មន្ទីរមុខងារសាធារណៈខេត្ត ទាំងការពិនិត្យលើការរៀបចំឯកសារ និងណែនាំ​នីតិវិធី​ជាបន្តបន្ទាប់ដល់រដ្ឋបាលក្រុង ស្រុកផងដែរ។ ចុងក្រោយឯកឧត្តម សុខ លូ បានកោត​សរសើរ​ដល់ថ្នាក់​ដឹកនាំ​នៃមន្ទីរមុខងារសាធារណៈខេត្ត រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ព្រមទាំងអនុវត្តសេចក្តីណែនាំ​របស់​ថ្នាក់​លើបានល្អ និងទាន់ពេលវេលា ទៅតាមអ្វីដែលថ្នាក់លើចង់បាន។

ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ ដែលកន្លង​មកបានបន្តអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការខិតខំប្រឹងប្រែងក្នុងការបំពេញ​ភារកិច្ចការងារបាន​ល្អ​ប្រកប​ដោយប្រសិទ្ធភាព ព្រមទាំងជំរុញឲ្យថ្នាក់ដឹកនាំមន្ទីរមកគ្នាសាធារណៈខេត្តកំពង់ធំ ខិតខំពង្រឹងកិច្ច​សហការ​ជាមួយមន្ទីរអង្គភាពជុំវិញខេត្តឱ្យមានភាពល្អប្រសើរបន្តទៀត។ ជាមួយគ្នានោះ​ដែរ ឯកឧត្តមរដ្ឋមន្ត្រី​មាន​ប្រសាសន៍លើកឡើងថា ដើម្បីឲ្យដំណើរការនេះផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អ គឺយើងត្រូវ​ការ​សម្ថភាពធនធានមនុស្ស ធនធានហិរញ្ញវត្ថុ ស្របតាមគោល​នយោបាយកំណែទម្រង់​ស៊ីជម្រៅរបស់​រាជរដ្ឋាភិបាល ដើម្បីធានាឱ្យបានការធ្វើផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ​ល្អ​ប្រសើរ​ជាងមុន ។

ចុងក្រោយឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរដល់រដ្ឋបាលខេត្ត សមត្ថកិច្ចជំនាញនិងអាជ្ញាធរគ្រប់លំដាប់​ថ្នាក់​ត្រូវ​សហការជាមួយផ្នែកសុខាភិបាលនិងមន្ទីរពេទ្យខេត្ត សុខភាពតាមមូលដ្ឋានឱ្យបានល្អប្រសើរជាបន្តទៀត ដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋ រួមគ្នាបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឱ្យដើរទន្ទឹមនឹងការ​ដោះស្រាយ​រាល់ការលំបាកជាបណ្តោះអាសន្នខាងសេដ្ឋកិច្ចនិងសង្គមកិច្ច ដែលបណ្តាល​មកពីផល​ប៉ះពាល់​នៃវិបត្តិកូវីដ១៩ សំដៅការពាររឹងមាំសុខភាពនិងសុខុមាលភាពសាធារណៈ រួមចំណែកការពារ​សុខសន្តិភាព​និងការអភិវឌ្ឍសង្គមជាតិ។ មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី បានចែកវត្ថុអនុស្សាវរីយ៍​ជូនដល់​ថ្នាក់ដឹកនាំ​មន្ទីរមុខងារសាធារណៈ។

Related Post