(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា ក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ដែលទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺមិនមែនជាដីរបស់ឯកជននោះទេ គឺជាដីរបស់រដ្ឋ ដោយធ្វើការជួលពីរដ្ឋ និងមានការបង់ពន្ធជូនរដ្ឋ រហូតដល់ចប់កិច្ចសន្យា រដ្ឋនឹងដកហូតយកមកវិញ ដូច្នេះ សូមបងប្អូនកុំមានការយល់ច្រលំបន្តទៀត។
ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្នុងពិធី ជួបសំណេះសំណាល និងផ្តល់លិខិតបញ្ជាក់ស្តីពីការដោះស្រាយរវាងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចជាមួយបងប្អូនប្រជាពលរដ្ឋនៅ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំដោះស្រាយការងារនេះ មិនខ្លាចនឿយហត់ ដើម្បីប្រជាជន ព្រមទាំងជម្រុញឲ្យបន្តខិតខំដោះស្រាយបន្ថែមទៀត ឲ្យបានចប់រួចរាល់នៅពេលឆាប់ៗខាងមុខនេះ ដោយប្រាស់ប្រាស់គោលនយោបាយ ឈ្នះ! ឈ្នះ! របស់រាជរដ្ឋាភិបាល គឺឈ្នះទាំងអស់គ្នា។ ម្យ៉ាងវិញទៀត បងប្អូនដែលទទួលបានលិខិតបញ្ជាក់ស្តីពីការដោះស្រាយជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅពេលនេះ សូមធ្វើការបោះបង្គោលព្រំដីឲ្យបានច្បាស់លាស់ សូមរក្សាដីទុក សូមកុំលក់ដូរ និងបន្តកាន់ដាំដុះបង្កបង្កើនផលបន្តទៀត។ ប្រសិនបើបងប្អូនណាមានជីវភាពក្រីក្រពិតប្រាកដ លោកមេភូមិ មេឃុំ សូមធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់ ដើម្បីយើងស្នើសុំដីសម្បទានសង្គមកិច្ចទៅថ្នាក់លើជូនពួកគាត់ ដោយមិនអោយបងប្អូនកាប់រុករានដីព្រៃបន្តទៀតនោះទេ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ ដោយមិនត្រូវមានការប្រមូលផ្តុំ ឬជួបជុំគ្នាច្រើននោះទេ។ ម្យ៉ាវិញទៀត ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន ភោជនីយដ្ឋាន ឬទីផ្សារនានា ត្រូវមានម៉ាស ទឹកអាល់កុល ឬជែល ដាក់ជាប់តាមខ្លួនជាប្រចាំ ព្រោះជំងឺនេះងាយឆ្លងណាស់ កុំធ្វេសប្រហែសឲ្យសោះ សូមប្រុងប្រយ័ត្នការពារសុខភាពទាំងអស់គ្នា។
លើសពីនេះទៀត សូមពុកម៉ែបងប្អូន ជួយណែនាំកូនៗ ជាពិសេស យុវជន ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន សូមចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ បើកគោយន្តនៅពេលយប់ត្រូវមានភ្លើងបំភ្លឺ និងមានបិទចំណាំងផ្លាតគ្រប់គ្រាន់៕