(រដ្ឋបាលខេត្តកំពង់ធំ): នៅក្នុងឱកាសចែកអំណោយកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅស្រុកប្រាសាទបល្ល័ង្ក នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ធំ បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អ ចូលរួមទប់ស្កាត់កុំអោយឆ្លងរោគកូវីដ១៩ ទាំងពីយើងទៅគេ និងពីគេមកយើង។ ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩នេះ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ដែលបានធ្វើឲ្យប្រទេសជាច្រើននៅលើពិភពលោកកំពុងបិទសាលារៀនរួមទាំងនៅកម្ពុជាយើងផងដែរ។
ទន្ទឹមនឹងនោះឯកឧត្តមមានប្រសាសន៍ទៀតថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សូមបងប្អូនរក្សាអនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ឬជែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ការពារប្រសើរជាងព្យាបាល ជាពិសេសសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះឯកឧត្ដម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីចម្ងាយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុ ខទុក្ខរបស់ប្រជាពលរដ្ឋនៅ ទូទាំងប្រទេស។
លើសពីនេះទៀត ឯកឧត្តមប្រធាន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមខិតខំស្វែងយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់យើង ជាពិសេសកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ និងខិតអប់រំកូនចៅយើង ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើមាននរណាម្នាក់ៗសង្ស័យពាក់ព័ន្ធបញ្ហាគ្រឿងញៀន សូមរាយការណ៍ទៅអាជ្ញាធរ ភូមិ-ឃុំ ដើម្បីយកពួកគាត់ទៅបន្សាប ឬក៏ព្យាបាល និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត។
លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក ឡើងធ្វើរបាយការណ៍អំពីស្ថានភានៅក្នុងស្រុក ប្រាសាទបល្ល័ង្ក ដែលមាន ប្រជាពលរដ្ឋ ងាយរងគ្រោះ មានជីវភាពភាពខ្វះខាត ចំនួន ២៩១គ្រួសារ មកពី ៧ឃុំ ដែលត្រូវទទួលអំណោយរបស់សាខាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុង មួយ គ្រួសារ ទទួល បាន អង្ករ ២៥ គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១ យួរ មី ១កេស សាប៊ូ ១ដុំ និងច្រាសដុស ១ ព្រមទាំងចុះសួរសុខទុក្ខ និងប្រគល់សម្ភារៈមន្រ្តីចត្តាឡឺស័កស្រុកផងដែរ។