រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សុខ លូ: ប្រធានមន្ទីរសុខាភិបាលខេត្ត ត្រូវមានគណនេយ្យភាព និងមានការទទួលខុសត្រូវចំពោះក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក្នុងការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាលក្នុងខេត្ត

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ ថ្លែងថា ប្រធានមន្ទីរសុខាភិបាលខេត្ត ត្រូវមានគណនេយ្យភាព និងមានការ​ទទួលខុសត្រូវចំពោះក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក្នុងការចាត់ចែង ការគាំទ្រ​ផ្នែក​បច្ចេក​ទេស និងតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាលក្នុងខេត្ត និងខិតខំបម្រើសេវាសុខាភិបាល​ជូនប្រជា​ពលរដ្ឋ​ខេត្តកំពង់ធំ កាន់តែឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពបន្ថែមទៀត។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត​កំពង់ធំ នារសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានកោតសរសើរដល់មន្ទីរសុខាភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពនានា​ជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការ គ្នាយ៉ាងស្អិតរមួតក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ កូវីដ-១៩ តាមការចាត់ចែងរបស់រដ្ឋបាលខេត្ត។ ហើយរហូតមកដល់ពេលនេះខេត្តកំពង់ធំយើង មិនទាន់មាន​នណា​ម្នាក់ឆ្លងជម្ងឺដ៏កាចសាហាវនេះនៅឡើយទេ នេះជាមោទនភាពមួយ របស់ខេត្តកំពង់ធំយើងផងដែរ។

លើសពីនេះទៀតឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងផ្តល់ការណែនាំអំពីគោលការណ៍ សំខាន់ៗជូនដល់ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្ត រួមទាំងមន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត អំពីការចាប់ផ្តើមនូវការអនុវត្តតួនាទី និងភារកិច្ច របស់ខ្លួនលើការគ្រប់គ្រង ការចាត់ចែង និងការ​ផ្តល់​សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ប្រកបដោយ ការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លា​ភាព និងគណនេយ្យភាពស្របតាមគោលការណ៍ បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ ក្នុងលិខិតបទ​ដ្ឋានគតិយុត្ត​ពាក់ព័ន្ធ នឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលមកឲ្យរដ្ឋបាលខេត្ត។ ហើយនេះក៏ជាការចាប់ផ្តើម នៃការ​អនុវត្ត​នូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងលើការផ្តល់សេវាសាធារណៈ ដ៏សំខាន់មួយតាម​គោលការណ៍​វិមជ្ឈ​ការ និងវិសហមជ្ឈការ ពោល គឺការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវ ពីរាជរដ្ឋាភិបាល មករដ្ឋបាលខេត្ត​ដើម្បីគ្រប់គ្រង និងចាត់ចែងកិច្ចប្រតិបត្តិការនានា ពាក់ព័ន្ធនឹងការផ្តល់សេវាសុខា​ភិបាលក្នុងដែនសមត្ថកិច្ច​របស់​រាជធានី ខេត្តនីមួយៗ។

ម្យ៉ាងវិញទៀត ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងក្លាយជាអ្នក​ទទួល​ខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងខេត្ត អំពីលទ្ធផល នៃការបំពេញការងារពាក់ព័ន្ធនឹង ការផ្តល់​សេវាសុខាភិបាលនានា ដែលរាជរដ្ឋាភិបាលបានប្រគល់ឲ្យ តាមរយៈគោលនយោបាយ ផែនការយុទ្ធសាស្ត្រ វិស័យ​សុខាភិបាល និងស្តង់ដានានាដែលកំណត់ដោយក្រសួងសុខាភិបាល។

Related Post