នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយក្រុងស្ទឹងសែន និងមន្ត្រីរាជការជុំវិញខេត្ត រៀបចំពិធីប្រគេនទានវស្សា និងទេយ្យទានផ្សេងៗដល់វត្តចំនួន ១០ ក្នុងខេត្តកំពង់ធំ នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា បុណ្យចូលវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ហើយក៏ជាពេលវេលាមួយ តម្រូវឲ្យព្រះសង្ឃ គង់នៅក្នុងវត្ត រយៈពេល៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ ក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ហើយក៏ជាឱកាសសម្រាប់ព្រះសង្ឃ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។
ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយ៉ាងខ្លាំងដល់ជីវភាពប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាក៏ដូចជាប្រទេសស្ទើរទាំងអស់លើពិភពលោកកំពុងជួបប្រទះបញ្ហាជំងឺកូវីដ-១៩ បានដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដើម្បីកាត់បន្ថយការលំបាកជូនបងប្អូនជាប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។
ទន្ទឹមនឹងនោះឯកឧត្តមក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន លោកអភិបាលក្រុងស្រុក សមាជិកក្រុមប្រឹក្សាក្រុងស្រុកលោកមេភូមិ មេឃុំ និងក្រុមប្រឹក្សាឃុំ/ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ ដែលត្រូវតែធ្វើកិច្ចការនេះឲ្យបានច្បាសលាស់និងហ្មត់ចត់បំផុត ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ។
ទេយ្យទានវេរប្រគេនព្រះសង្ឃទាំង ១០វត្ត ក្នុងមួយវត្តទទួលបាន ទៀនវស្សា ១គូ អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ទឹកក្រូច និងបច្ច័យមួយចំនួន៕