(រដ្ឋបាលខេត្តកំពង់ធំ): ស្របពេលដែលប្រទេសនៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា កំពុងតែទទួលរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០ នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដើម្បីកាត់បន្ថយការលំបាកជូនបងប្អូនជាប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ត្រូវខិតខំធ្វើកិច្ចការងារនេះ អោយបានច្បាស់លាស់និងហ្មត់ចត់បំផុត ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ។
លើសពីនេះទៀត ឯកឧត្តមបាន ជំរុញឲ្យអាជ្ញាធរមូលដ្ឋានខិតខំផ្សព្វផ្សាយបន្តទៀតអំពីបញ្ហាមេរោគកូវីដ-១៩ ព្រោះជំងឺនេះ នៅតែជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុតដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយ កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ។
ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ បានជំរុញដល់មន្ត្រីជំនាញត្រូវខិតខំធ្វើការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ និងហាមកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាត្តិជាដាច់ខាត ព្រមទាំងរួមគ្នាទប់ស្កាត់ការដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ បទល្មើសនេសាទ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងជាដើម។