(រដ្ឋបាលខេត្តកំពង់ធំ): រដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២០ រៀបចំពិធីខួប៣ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២០) នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅ ក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេស ប៉ូឡូញ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្ដម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយអាជ្ញាធរប្រាសាទសំបូរព្រៃគុក ក្រុមប្រឹក្សាខេត្ត សហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ នៅបរិវេណប្រាសាទសំបូរព្រៃគុក មានទីតំាងស្ថិតនៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រហែល៣០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល៣ឆ្នាំនៃការដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភលោក បានធ្វើឲ្យខេត្តកំពង់ធំ មានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ ជាតិអន្តរជាតិ ចូលមកទស្សនាកើនឡើងគួរឲ្យកត់សម្គាល់ ។ ប៉ុន្តែក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ដោយសារពិភពលោកទាំងមូលកំពុង តែរងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺកូវីដ-១៩ បានធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍មានការ ធ្លាក់ ចុះយ៉ាងខ្លាំង ។ ឯកឧត្តមបន្ថែមទៀតថា ស្របពេលជាមួយគ្នានោះដែរប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដើម្បីកាត់បន្ថយការលំបាកជូនបងប្អូនជាប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា សម្រាប់ការងារផ្តល់ប័ណ្ណសមធម៌ នេះ សូមភូមិឃុំ/សង្កាត់ធ្វើ ឲ្យបានសុក្រិត ត្រឹមត្រូវ យុត្តិធម៌ ច្បាស់លាស់ ក្នុងនោះក្រុង ស្រុក ត្រូវយកចិត្តទុកដាក់តាមដានត្រួត ពិនិត្យឲ្យបានហ្មត់ចត់ ចុះជាប់ជាមួយភូមិឃុំ/សង្កាត់ជៀសវាងដាច់ខាតករណីឃុបឃិតគ្នាដាក់បញ្ចូល សាច់ញាតិ បងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាជនក្រីក្រ និងងាយរងគ្រោះពិតប្រាកដដើម្បីទទួល បាននូវប្រាក់ឧបត្ថម្ភនេះពិតប្រាកដ។
ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា មានប្រសាសន៍លើកឡើងថា ប្រាសាទសំបូរព្រៃគុក សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលជារាជធានីចាស់ បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។
ឯកឧត្តមបន្ថែមទៀតថា បន្ទាប់់ពីប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ពិតជាមានការប្រែប្រួល ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងការគ្រប់គ្រង ការថែរក្សា ការពារ បានល្អ ។ ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំយើង ដូចជាមន្ត្រីជំនាញ ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន ។ ម្យ៉ាងវិញទៀតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកនេះ មិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បាន បញ្ចូលតំបន់នេះ ជាតំបន់អភិរក្សផ្នែកបរិស្ថាន ដែលតម្រូវឱ្យយើងទាំងអស់គ្នា ចូលរួមការពារថែរក្សា។ ហើយការអភិរក្សពិតជាមានការជួបបញ្ហាលំបាកខ្លះ ចំពោះបងប្អូនដែលធ្លាប់មានការរស់នៅក្នុងតំបន់នេះ ក្នុងនោះឯកឧត្តមក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានខិតខំពន្យល់ដល់បងប្អូនប្រជាពលរដ្ឋឲ្យយល់អំពីសារប្រយោជន៍នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមិនឲ្យបងប្អូនប្រជាពលរដ្ឋនៅរស់នៅក្នុងតំបន់នេះមានការរំលោភបំពាននូវអ្វីដែលច្បាប់បានហាមឃាត់។