រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់មន្ត្រីជំនាញអនុវត្តច្បាប់ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងមានឥរិយាបថឱ្យបានសមរម្យ

(រដ្ឋបាលខេត្តកំពង់ធំ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក​ប្រចាំ​ឆមាស​ទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានក្រើនរំលឹកដល់មន្ត្រីជំនាញអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវប្រកាន់ខ្ជាប់នូវ វិន័យ សីលធម៌ និងនិងមាន​ឥរិយាបថឱ្យបានសមរម្យ ទន់ភ្លន់ រួសរាយ រាក់ទាក់ តែម៉ឺងម៉ាត់ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងពេលចុះ​បំពេញ​ភារកិច្ច តាមបណ្តាគោលដៅត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។

ឯកឧត្តម អភិបាលខេត្ត បានបន្ដទៀតថា ការអនុវត្តច្បាប់រឹតបន្ដឹងសុវត្ថិភាព ចរាចរណ៍ផ្លូវគោកនេះ ក្នុងគោល​បំណង ដើម្បីការពារទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋ តែប៉ុណ្ណោះ។ លើសពីនេះទៀតឯកឧត្តមក៏បាន​សំណូម​ពរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់​ចរាចរណ៍ ដែលធ្វើឲ្យបងប្អូនខាតបង់នូវទ្រព្យសម្បត្តិ ថវិកា ជាដើម។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងថា ក្រោមការដឹកនាំប្រកប​ដោយ​ការ​យកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លើកិច្ចការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង​ដោយ​មាន​ផែនការគ្រប់ជ្រុងជ្រោយ រួមផ្សំការចុះត្រួតពិនិត្យទីតាំង ភូមិសាស្ត្រជាក់ស្តែងសម្រាប់អនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោក និងមានការចូលរួមយ៉ាងសកម្មពីមន្ត្រីជំនាញ ទើបយើងសម្រេចបានលទ្ធផលល្អប្រសើរ។ លោកស្នងការ ក៏បានស្នើដល់អស់លោក លោកស្រី មន្តី្ររាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមធ្វើគំរូល្អ ដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងណែនាំ ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក បន្តចុះផ្សព្វផ្សាយអប់រំ ច្បាប់ និងឯកទេសជំនាញ ជាពិសេសអនុក្រឹត្យលេខ ៣៩ អនក្រ.បកថ្មី ដល់ប្រជា​ពលរដ្ឋ តាមបណ្តាគោលដៅសំខាន់ៗទូទាំងខេត្តកំពង់ធំ ។

លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា គ្រោះ ថ្នាក់ ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន ៩៤លើក បណ្ដាលឱ្យ ស្លាប់ចំនួន៥៧នាក់ និងរបួសចំនួន៤១នាក់ (របួសធ្ងន់៧៩នាក់) ។ លោកប្រធានមន្ទី បានបន្ដថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មក ពី បើក បរ លើសល្បឿន កំណត់១៧ភាគរយ មិនគោរពសិទ្ធិ១០ភាគរយ មិនប្រកាន់ស្ដា វ៉ាជែង បត់ ឆ្លងកាត់ផ្លូវ៣៩ ភាគរយ ស្ថានភាពស្រវឹង៥ភាគរយ កត្តាយានយន្ដ១១ភាគរយ និងងងុយ៩ភាគរយ។ បើគិតពីថ្ងៃទី១៨ ខែ១១ ឆ្នាំ២០១៩ ដល់ថ្ងៃទី១៩ ខែ០៥ ឆ្នាំ២០២០ អត្រាគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៩៤លើក លើ ៩២លើក បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ ថយចុះចំនួន ២ លើក ស្មើ ២ ភាគរយ ។

Related Post