(រដ្ឋបាលខេត្តកំពង់ធំ): ស្របពេលដែលប្រទេសកម្ពុជាកំពុងតែទទួលរងនូវផលប៉ះពាល់នូវជំងឺកូវីដ-១៩ សេដ្ឋកិច្ចមានការធ្លាក់ចុះ ធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះនូវការខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ កំពុងត្រូវការជំនួយនោះ ជាក់ស្តែងនៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសហការី បាននាំយកនូវគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតចំនួន ២៤៥គ្រួសារ នៅទីតាំងពីរផ្សេងគ្នា នៅឃុំបឹងល្វាចំនួន ៥៦គ្រួសារ និងឃុំកកោះ ១៨៩គ្រួសារ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ បានពាំនាំនូវការសាកសួរសុខទុក្ខក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លើសពីនេះទៀត ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ប្រមុខរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដើម្បីកាត់បន្ថយការលំបាកជូនបងប្អូនជាប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា សម្រាប់ការងារផ្តល់ប័ណ្ណសមធម៌ នេះ សូមភូមិឃុំ/សង្កាត់ធ្វើ ឲ្យបានសុក្រិត ត្រឹមត្រូវ យុត្តិធម៌ ច្បាស់លាស់ ក្នុងនោះក្រុង ស្រុក ត្រូវយកចិត្តទុកដាក់តាមដានត្រួត ពិនិត្យឲ្យបានហ្មត់ចត់ ចុះជាប់ជាមួយភូមិឃុំ/សង្កាត់ជៀសវាងដាច់ខាតករណីឃុបឃិតគ្នាដាក់បញ្ចូល សាច់ញាតិ បងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាជនក្រីក្រ និងងាយរងគ្រោះពិតប្រាកដដើម្បីទទួល បាននូវប្រាក់ឧបត្ថម្ភនេះពិតប្រាកដ។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានក្រើនរំលឹក ប្រជាពលរដ្ឋទាំងអស់ បង្កើននូវការយកចិត្តទុកដាក់ នៃការរីករាលដាលជំងឺCOVID-១៩នេះ ដោយរក្សាអនាម័យ ត្រូវពាក់ម៉ាសការពារ ឬប្រើកន្សែងទប់មាត់នៅពេលក្អក ឬកណ្តាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ។
ចុងបញ្ចប់ ឯកឧត្តម សុខ លូ បានសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់ ជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋជានិមិតរូប ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខកំប៉ុង ១ឡូត៍ មី ១កេស ច្រាសដុះខោអាវ១ សាប៊ូ ១ដុំ ។