(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បន្តនាំយកអំណោយសប្បុរសជន ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកប្រាសាទសំបូរ ចំនួន ២០០គ្រួសារ ដែលជាអំណោយរបស់ក្រុមហ៊ុន សឹកសេសម៉រ៍ (SCM) ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ២០គីឡូក្រាម មី ១កេស ភួយ ១ អាវយឺត ១ និងថវិកា ២០,០០០រៀល ដែលសរុបជាថវិកាចំនួន ២៨,៨៨០,០០០រៀល ក្នុងនោះរដ្ឋបាលខេត្តក៏បានបន្ថែមនូវ ទឹកបរិសុទ្ធ ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១ យួរ និងថ្នាំពេទ្យមួយកញ្ចប់ ព្រមទាំងឧបត្ថម្ភកង់ចំនួន ១០គ្រឿង និងថវិកាម្នាក់ ១០ម៉ឺនរៀល ជូនដល់សិស្សក្រីក្រ ចំនួន ១០នាក់ រស់នៅក្នុងស្រុកប្រាសាទសំបូរ នាព្រឹកថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។
តំណាងក្រុមហ៊ុន សឹកសេសម៉រ៍ (SCM) បានឲ្យដឹងថា ស្រុកប្រាសាទសំបូរនេះ គឺជាទីកន្លែងកំណើតរបស់ខ្ញុំ ហើយថ្ងៃនេះខ្ញុំពិតជាសប្បាយរីករាយណាស់ មានឱកាសជួបបងប្អូនប្រជាពលរដ្ឋ និងបាននាំយកអំណោយមកជួយដល់បងប្អូនដែលកំពុងតែរងទុក្ខលំបាកខ្វះខាតស្បៀងអាហារ ។ លោកបានបញ្ជាក់ទៀតថា អំណោយទាំងនេះ គឺជាទឹកចិត្ត សប្បុរស់ធម៌របស់ក្រុមការងារ នៃសហការីរបស់ក្រុមហ៊ុន និងជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដោះស្រាយជីវភាពរបស់បងប្អូនប្រជាពរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ នឹងរងផលប៉ះពាល់ដំណាំបន្លែបង្ការនៅពេលនេះ។
ថ្លែងនៅក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខនោះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន សឹកសេសម៉រ៍ (SCM) ដែលបានឧបត្ថម្ភនូវសម្ភារៈ និងថវិកាមួយចំនួន ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការយកមកចែកជូនប្រជាពលរដ្ឋដែលកំពុងមានភាពខ្វះខាត ជាពិសេស ក្នុងពេលដែលប្រជាពលរដ្ឋកំពុងតែទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅពេលនេះ ដោយមិនមានការប្រកាន់នូវ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ ឲ្យតែបងប្អូនជួបនូវការលំបាកគឺទទួលបានអំណោយស្មើៗគ្នាទាំងអស់ ជួយគ្នាក្នុងគ្រាក្រ ស្គាល់អាក្រក់ល្អ ក្នុងគ្រាលំបាក។ លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំថែរក្សានូវសុខភាព ហូបស្អាត រស់នៅស្អាត ដាំដំណាំបន្លែបង្ការរួមផ្សំជុំវិញផ្ទះ សម្អាតបរិស្ថានអនាម័យជុំវិញលំនៅដ្ឋាននិងរមណីយដ្ឋាន ដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ មកកម្សាន្តឲ្យកាន់តែច្រើន ជាពិសេសនោះ គឺស្រុកប្រាសាទសំបូរ យើងមានប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។
ឯកឧត្តម សុខ លូ ក៏បានសំណូមពរ ដល់មាតាបិតា អាណាព្យាបាល សិស្សានុសិស្សទាំងអស់ ឱ្យចូលរួមការពារ ទប់ស្កាត់ការចែកចាយនិងជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន យើងត្រូវចាត់ទុកថា បញ្ហាគ្រឿងញៀន គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាការពារ ទប់ស្កាត់មិនឱ្យមាននៅក្នុងភូមិ ក្នុងសហគមន៍ យើងជាដាច់ថា ដើម្បីគោរពតាមគោល នយោបាយ ភូមិឃុំមានសុវត្ថិភាព ហើយក៏សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព ដាក់ខ្សែក្រវ៉ាត់ ហាមប្រើទូរស័ព្ទដៃ សេបគ្រឿងស្រវឹង
ក្នុងពេលបើកបរ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕