(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ ប្រចាំឆ្នាំ២០២០ នៅក្នុងក្រុងស្ទឹងសែន ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង និងប្រជាពលរដ្ឋជាច្រើននាក់។
វេទិកានេះ មានគោលបំណងដើម្បីចង់ដឹងអំពីបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យអាជ្ញាធរដោះស្រាយបានទាន់ពេលវេលាប្រកបដោយតម្លាភាព និងមានគណនេយ្យភាពត្រឹមត្រូវ។ ម្យ៉ាងទៀតវេទិកានេះ បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិ យោបល់ ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តន៍នាពេលខាងមុខ របស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា ។ជាពិសេស ដើម្បីឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរ ស្របទៅនឹងតម្រូវការជាអាទិភាព។