(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមដំណើរជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីជំនាញ អញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានលើកទឹកចិត្តប្រជាកសិករ នាំគ្នាខិតខំប្រកបមុខរបរចិញ្ចឹមត្រីបន្ថែមទៀត និងស្នើដល់អាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រីខុសច្បាប់ពីប្រទេសជិតខាង ដើម្បីលើកកម្ពស់តម្លៃត្រីក្នុងស្រុក ហើយអំពាវនាវដល់អ្នកនាំចូលត្រីងាកមកប្រមូលទិញត្រីរបស់វារីប្បករវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក មានប្រភពច្បាស់លាស់ត្រឹមត្រូវ ជៀសវាងបរិភោគត្រីចិញ្ចឹមលាយផ្សំសារធាតុគីមី។
ទន្ទឹមនឹងនោះ ឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក សុខ រ៉ាដែន ដែលបានវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីនៅតំបន់នេះ ដែលបានការរៀបចំកសិដ្ឋានបានល្អត្រឹមត្រូវតាមបច្ចេកទេស គុណភាពទឹក ប្រព័ន្ធបង្ហូរទឹកចេញចូល និងក្សេត្របរិស្ថានដែលមានលក្ខណអំណោយផល
សម្រាប់ជីវិតរស់នៅរបស់ត្រីបានយ៉ាងល្អ ហើយអាចចាត់ទុកជាកសិដ្ឋានគំរូនៅទូទាំងខេត្ត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីថ្ងៃទី១៤ ខែកក្កដាកន្លងមក នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ខេត្តព្រៃវែង ដែលបានចង្អុលណែនាំគាំទ្រ និងលើក ទឹកចិត្តឲ្យប្រជាកសិករខិតខំចិញ្ចឹមត្រី និងកង្កែបជាលក្ខណគ្រួសារ ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង បង្កើនប្រាក់ចំណូល និងជំរុញការនាំចេញ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺ ឆ្លងកូវីដ-១៩។ ម្យ៉ាងវិញទៀត ចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក៏បានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយរកទីផ្សារ ដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម និងបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែម។
លោក សុខ រ៉ាដែន បានប្រាប់ថា រាល់ថ្ងៃនេះខ្ញុំបានបោះទន់ទៅការចិញ្ចឹមត្រីនេះប្រមាណជា ១លានដុល្លាហើយ ដោយមានផ្ទៃដីប្រមាណជិត៥០ហិកតា មានចំនួន៣ទីតាំង ហើយចិញ្ចឹមត្រីមានច្រើនប្រភេទ ដូចជា ត្រីប្រា ត្រីក្រាញ់ ត្រីស្ពិន និងឡាប់យ៉ា ហើយការចិញ្ចឹមនេះគឺដោយមានការចំណងចំណូលចិត្តចិញ្ចឹម ហើយមិនចង់អោយប្រជាពលរដ្ឋយើងទិញ យកទៅទទួលទានត្រី អោយដឹងពីប្រភពត្រីមកពីណា ជាពិសេសត្រីនាំពីបរទេស យើងពុំបានដឹងពីការចិញ្ចឹមរបស់គេ។