រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សាលាសង្កាត់ចំនួន ៤ ក្នុងក្រុងស្ទឹងសែន ត្រូវបានបើកការដ្ឋានសាងសង់ក្នុងថ្ងៃតែមួយ

ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សាលាសង្កាត់ និង​ប៉ុស្តិ៍នគរបាល ក្នុងនោះ​រួមមាន សង្កាត់​កំពង់រទេះ សង្កាត់​កំពង់ធំ សង្កាត់​ស្រយ៉ូវ សង្កាត់​កំពង់ក្របៅ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​កំពង់ធំ ក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាលក្រុង ប្រធានមន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ ចៅសង្កាត់ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផងដែរ ។

បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​ចៅសង្កាត់​រួចមក ឯកឧត្តម សុខ លូ ​បានលើកឡើង​ថា៖ កន្លងមកនេះ​ថវិកា​ឃុំ​សង្កាត់​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​សាងសង់​សាលាឃុំ​សង្កាត់​ទេ គឺ​សម្រាប់តែ​ចំណាយ​ទៅ​ទៅលើ​ការបម្រើ​សេវាសាធារណៈ ដូចជា សាងសង់​សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ អណ្តូងទឹក ជាដើម ។ ប៉ុន្តែ​រាជរដ្ឋាភិបាល​ ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត​មិន​ទុកចោល​រហូត​នោះទេ គឺ​បានគិត​គូរ ថា​តើ​សាលាសង្កាត់​គួរ​សាងសង់​នៅពេលណា? ជា​ឱកាស​ដ៏​ល្អ​ក្នុងពេល​បច្ចុប្បន្ននេះ ដោយ​សេដ្ឋកិច្ចជាតិ​មាន​កំណើន៧ភាគរយ​ទើប​ធ្វើ ឲ្យ​កម្រិត​ថវិកាជាតិ​សម្រាប់​ការអភិវឌ្ឍ​ខេត្ត ក្រុង ស្រុក ត្រូវបាន​កើនឡើង​ជាបន្តបន្ទាប់ ហេតុ​ដូចនេះ​ទើប​ខេត្ត​មាន​លទ្ធ​ភាពសាងសង់​សំណង់​ទាំងនេះ​បាន។ សម្រាប់​ខេត្តកំពង់ធំ ក្នុង​ឆ្នាំ២០១៧នេះ ទទួលបាន​ការសាងសង់​សាលាសង្កាត់​ចំនួន ១០ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន ១ ក្នុងនោះ​មាន ក្រុង​ស្ទឹងសែន ចំនួន ៤ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចំនួន ១ ស្រុក​បារាយណ៍ ចំនួន ២ ស្រុក​សន្ទុក ចំនួន ១ ស្រុក​កំពង់ស្វាយ ចំនួន ១ និង​ស្រុក​ស្ទោង ចំនួន ២ ។សម្រាប់​ស្រុក​ផ្សេងទៀត ដែល​មិនទាន់មាន​សាលាឃុំ រាជរដ្ឋាភិបាល​នឹង​រៀបចំ​ធ្វើជា​បន្តបន្ទាប់ ។ រដ្ឋាភិបាលមិនដែល​ដើរ​សន្យា​ចោល​នេះ​ទេ គឺ​ធ្វើអ្វី​ទៅតាម​កម្រិត​លូតលាស់​របស់​ថវិកាជាតិ​ដែល​យើង​មាន មិនមែន​ចេះតែ​នឹង​ឃើញថា​ចោល ធ្វើ​មិនកើត​នោះទេ ។

ការ​បម្រើសេវា​ធា​រណៈ​នៅតាម​ឃុំ​សង្កាត់​វិញ មាន​លក្ខណៈ​ល្អប្រសើរ ហើយ​ឥឡូវនេះ​នៅតាម​ភូមិ​នីមួយៗ គឺមាន​ការអភិវឌ្ឍ​ផ្លូវលំ​ខ្វាត់ខ្វែង ហើយ​ឈានទៅ​ចាក់​ផ្លូវ​កៅស៊ូ និង​បេតុង​ទៀតផង ។ សម្រាប់​ខេត្តកំពង់ធំ​យើង​នេះ រដ្ឋបាលខេត្ត​នឹង​បន្តធ្វើ​ការកែលម្អ​សោភណ្ឌ​ភាព​ក្នុង​ខេត្ត និង​តាម​សួនច្បារ​មួយចំនួន ឲ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​ថែមទៀត ជាពិសេស​គឺ​ក្រុង​ស្ទឹងសែន ។ បងប្អូន​ដឹង​ហើយ​គណបក្ស​មួយចំនួន​តែងតែ​ដើរឃោសនា​ដើម្បី​យក​សន្លឹកឆ្នោត ​គេ​ថាបើ​គេ​ឈ្នះឆ្នោត​ផ្តល់​ថវិកា​ជូន​មនុស្ស​ចាស់ ៨ម៉ឺន​រៀល និង​ផ្ទេរ​ថវិកាជាតិ ៥០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំទៅ​ឲ្យ​ឃុំ-សង្កាត់​នីមួយៗ ដែល​ថវិកានេះ​មិនអាច​ដោះស្រាយបាន​នោះទេ ។ ដូច​លោក កឹម សុខា បានប្រកាស​លុបចោល​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែលជា​ក្រសួង​មួយ​បាន​បំពេញភារកិច្ច​ការងារ​អភិវឌ្ឍន៍​ដ៏​ល្អ​នៅ​មូលដ្ឋាន​ឲ្យ​មានការ​រីកចម្រើន​លើ​វិស័យ​ជាច្រើន ដូចជា​ការអភិវឌ្ឍ​ផ្លូវលំ​ជនបទ ការអនុវត្ត​គម្រោង​សេវា​អគ្គិសនី ទឹកស្អាត អណ្តូងទឹក ស្រះទឹក ប្រព័ន្ធធារាសាស្ត្រ​បម្រើ​ជីវភាព​ប្រជាជន​នៅ​ជនបទ ដែល​ថវិកា​ចំណាយ​ទាំងនេះ​មាន​ចំនួន​ច្រើនជាង ៥០ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​រួចទៅហើយ ។

ជា​ចុងបញ្ចប់​ ឯកឧត្តម បាន​ផ្តាំ​ផ្ញើរ​ដល់​បងប្អូន​ទំាងអស់​កុំ​ជឿ​លើ​ការឃោសនា​អកុសល​របស់​គណបក្ស​មួយចំនួន ជាពិសេស​កុំ​ភ្លេច​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បី​ជ្រើសរើស​គណបក្ស​ណា​ដែល​បងប្អូន​ពេញចិត្ត ជាពិសេស​គឺ​ជ្រើសរើស មេឃុំ ចៅសង្កាត់ ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត ដើម្បី​បន្ត​ដឹកនាំ និង​រក្សាសុខ​សន្តិភាព​បន្តទៀត ៕

Related Post