(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំអញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតកំណើតដំបូង និងកម្មវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលរបស់ “ក្រុមអ្នកផលិតអំបុកកំពង់ធំ” នៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលមានគំនិតផ្តួចផ្តើម ចុះបញ្ជីនូវម៉ាកសមូហភាព “អំបុកកំពង់ធំ” ហើយអំបុកកំពង់ធំ ចាប់ផ្ដើមមានឈ្មោះល្បីល្បាញទូទាំងប្រទេស គឺនៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ អំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងមានប្រសាសន៍បន្ថែមទៀតថា ការបង្កើតម៉ាក ឬនិមិត្តសញ្ញានៃអំបុកកំពង់ធំនៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ និងសូមធ្វើការផ្តាំផ្ញើរដល់ពុកម៉ែបងប្អូនដែលជាអ្នកផលិតអំបុកនៅក្នុងខេត្តកំពង់ធំទាំងអស់ សូមរក្សាអនាម័យ ការស្លៀកពាក់ឲ្យបានសមរម្យ ត្រូវធ្វើការរើសពូជស្រូវ ការរក្សាគុណភាពអំបុកឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះអំបុកកំពង់ធំឲ្យបានយូរអង្វែង ។ លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូន សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ការបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរនិងអ្នករួមដំណើរ ជិះរថយន្តត្រូវពាក់ខ្សែក្រវាត់ និងចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន ហើយសូមចាត់ទុកថារឿងនេះគឺជារឿងរបស់យើងទាំងអស់គ្នា ព្រមទាំងរក្សាអនាម័យទុកដាក់សំរាមឲ្យបានត្រឹមត្រូវមិនត្រូវបោះសំរាមចោលនៅតាមទីសាធារណៈឡើយ។
ជាមួយគ្នានោះដែរឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមអ្នកផលិតអំបុកកំពង់ធំ បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព “អំបុកកំពង់ធំ” អត្ថន័យនៃរូបសញ្ញាម៉ាកសមូហភាព “អំបុកកំពង់ធំ” និងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និង សវនករ “ក្រុមអ្នកផលិតអំបុកកំពង់ធំ” ដែលមានរហូតដល់ ៨៧គ្រួសារ ស្ថិតនៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបន្ថែមទៀតថា អំបុកកំពង់ធំ មានរសជាតិឆ្ងាញ់ ហើយយើងអាចយកធ្វើជាអាហារសម្រន់ អាចរក្សាទុកបានយូរផងដែរ។