(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះចំនួន ៣ខ្នង និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ៦០គ្រួសារ ដែលមានជីវភាពខ្វះខាតស្ថិតនៅទីតាំងបីផ្សេងគ្នា នៅឃុំត្រពាំងឬស្សី ឃុំត្បែង និងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ បានពាំនាំនូវក្តីនឹករលឹក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ លោកតា លោកយាយ ពុកម៉ែបងប្អូន ដែលកំពុងជួបការលំបាកគ្រប់ទីកន្លែង។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ ក៏បានជំរុញដល់អនុប្រធានសាខាកាកបាទក្រហមស្រុក ព្រមទាំងលោកមេឃុំ មេភូមិ សូមខិតខំចុះសួរសុខទុក្ខពុកម៉ែបងប្អូនណាដែលកំពុងជួបការលំបាក ប្រសិនបើមិនមានលទ្ធភាពជួយទេ សូមរាយការណ៍មកសាខាកាកបាទក្រហមខេត្ត ដើម្បីចុះមកជួយពុកម៉ែបងប្អូនជាបន្តបន្ទាប់ គ្រប់ទីកន្លែងទាំងអស់ ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាតក្រហមចុះជួយជានិច្ច ដោយមិនទុកឱ្យប្អូនណាម្នាក់អត់ស្បៀងអាហារនោះទេ ។
លើសពីនេះទៀត ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់នៅក្នុងដំណាក់កាលនៃការឆ្លងជំងឺកូវីដ១៩ នេះ ត្រូវការរស់នៅបែបគន្លងថ្មី ដោយរក្សាអនាម័យឱ្យបានជាប់ជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ជាពិសេសត្រូវគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ ម្យ៉ាងវិញទៀតសូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ការបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរនិងអ្នករួមដំណើរ ជិះរថយន្តត្រូវពាក់ខ្សែក្រវាត់ និងចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន ហើយសូមចាត់ទុកថារឿងនេះគឺជារឿងរបស់យើងទាំងអស់គ្នា។
ឯកឧត្តមប្រធានបន្ថែមទៀតថា នៅក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវដល់បងប្អូនដែលមានកូនធ្វើការចំណាកស្រុកនៅក្រៅប្រទេស សូមកុំទាន់វិលត្រឡប់មកលេងស្រុកកំណើត ពីព្រោះជំងឺកូវីដ១៩ កំពុងតែរីករាលដាលទូទាំងសកលលោក ប្រសិនបើមកដល់ទឹកដីកម្ពុជា ក៏ធ្វើចត្តាឡឺស័ក ១៤ថ្ងៃដែរ ដើម្បីចៀសវាងនូវការឆ្លងជំងឺ កូវីដ១៩ ចូលក្នុងសហគមន៍ ។
សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន ៦០គ្រួសារនេះ រួមមាន អង្ករ ២៥គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យូរ មី ១កេស និងឃីដ ១កញ្ចប់ សម្រាប់ម្ចាស់ផ្ទះបន្ថែមនូវ ឆ្នាំង ២ ធុងចម្រោះ ១ និង កន្ទេល ១ ផងដែរ។