(រដ្ឋបាលខេត្តកំពង់ធំ): ថ្លែងនៅក្នុងឱកាសទិវាជាតិសុខភាពមាតា និងទារក ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវដល់មាតាគ្រប់រូប សូមខិតខំថែរក្សានូវសុខភាព ព្យាយាមបរិភោគអាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់ និងស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ មិនត្រូវមានជំនឿអរូបិយនោះទេ ត្រូវជឿជាក់មកលើគ្រូពេទ្យ។
ការអំពាវនាវនេះឯកឧត្តម សុខ លូ លើកឡើងនៅក្នុងពិធីចុះសាកសួរសុខទុក្ខស្ត្រីដែលទើបនឹងសម្រាលកូន នៅមណ្ឌលសុខភាពសាលាវិស័យ ស្ថិតនៅក្នុងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១។
ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ ដែលតែងតែយកចិត្តទុកដាក់អំពីបញ្ហាសុខភាពរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង ជាពិសេសស្ត្រីមានផ្ទៃពោះ។
ចុងបញ្ចប់ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំមើលថែទាំអ្នកជំងឺដែលមកសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាពិសេសស្ត្រីដែលមកឆ្លងទន្លេ ទទួលបាននូវសុវត្ថិភាព និងមានសុខភាពល្អទាំងម្ដាយនិងកូន ។