(រដ្ឋបាលខេត្តកំពង់ធំ): មន្ទីរពេទ្យបង្អែកចំនួន ៣ ក្នុងខេត្តកំពង់ធំ ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ១៩ ជូនបុគ្គលិកសុខាភិបាល មន្ត្រីនគរបាល ថ្នាក់ដឹកនាំខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះតទៅហើយ ដែលមានទីតាំងនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្ទោង និងមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក នាព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២១។
ទន្ទឹមនឹងនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ គឺមិនមានការបង់ប្រាក់ទេ ហើយតាមការស្ម័គ្រចិត្ត និងបន្តចាក់ជូនជាបន្តបន្ទាប់តាមលំដាប់អាទិភាព តាមគោលការណ៍របស់ក្រសួងសុខាភិបាល ទៅតាមដំណាក់កាល តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង។
ជាមួយគ្នានោះដែរ មន្ត្រីរាជការទាំងអស់ព្រមទាំងប្រជាពលរដ្ឋ សូមគោរពអរគុណសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរជានិច្ចពីសុខភាពរបស់រាស្ត្រ និងមន្ត្រីរាជការ។