រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី៦៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ខួបលើកទី១៦ និងទិវាកុមារកម្ពុជា ឆ្នាំ២០១៧

“កុមារ គឺជា​ទំពំាង​ស្នង​ឬស្សី”

ព្រឹក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ បានរៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី៦៨ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ក្រោម​ប្រធានបទ “លើកកម្ពស់​ការចូលរួម​របស់​កុមារ​ដើម្បី​អភិវឌ្ឍន៍សង្គម” និង​ខួប​លើក​ទី១៦ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា ក្រោម​ប្រធានបទ “ការពារ​កុមារ​ពី​ពលកម្ម​កុមារ​នៅក្នុង​ស្ថានភាព​ជម្លោះ និង​គ្រោះមហន្តរាយ” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តកំពង់ធំ ។

លោក អ៊ា​ប ឈុន​ស្រ៊ាង ប្រធានមន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លើកឡើងថា ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ចាប់តំាងពី​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ គឺ​ ដើម្បីរំលឹក​ដល់​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ ដែលជា​ខួប​លើក​ទី១៦ នៃ​ទិវា​កុមារ ០១ មិថុនា ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ២០១៧ ។

ឯកឧត្តម ញឹក បាន​ខេង អភិ​បា​រង​ខេត្ត បាន​អាន​សារលិខិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ខួប​លើក​ទី៦៨ ទិវា​កុមារ​អន្តរជាតិ ១មិថុនា ខួប​លើក​ទី១៦ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ២០១៧ ជូន​អង្គ​មី​ទ្ទិញ​ផងដែរ ។

មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះដែរ ឯកឧត្តម សុខ លូ បានលើកឡើង​ថា ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​មហាវិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ ដែល​បង្ក​រ​ឡើង​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​កាប់សម្លាប់​ប្រជាជន កុមារ​រាប់លាន​នាក់ និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្ទេចខ្ទី​ស្ទើរ​គ្មាន​សល់ ។ កុមារ​កម្ពុជា​ជាច្រើន​នាក់ បាន​ស្លាប់​ដោយសារ​កង្វះ​អាហារ និង​គ្មាន​ថ្នាំ​ព្យាបាល កុមារ​ខ្លះទៀត​រស់នៅ​ដោយ​ក្តី​លំបាក​វេទនា ព្រាត់​ប្រាស់​ឪពុកម្តាយ រង​ទារុណកម្ម អំពើ​ហឹង្សា និង​ត្រូវបាន​គេ​បង្ខំឲ្យ​ធ្វើការ​ដូច​ទាសករ ។ ចាប់តំាងពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ មក  ប្រទេស​កម្ពុជា​យើង​ត្រូវបាន​រួច​ផុតពី​របប​កាប់សម្លាប់ ប៉ុល ពត ហើយ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ខិតខំ​កសាង​ប្រទេសជាតិ​ឡើងវិញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព ជាពិសេស​សិទ្ធិ​កុមារ​កម្ពុជា ត្រូវបាន​លើកកម្ពស់ ។ អត្រាមរណៈ​ភាព​របស់​កុមារ​មានការ​ថយចុះ ការចុះឈ្មោះ​ចូលរៀន​មានការ​កើនឡើង ថែមទំាង​ទទួលបាន​សិទ្ធិ​ជា​មូលដ្ឋាន​ទំាងបួន​របស់​កុមារ​ដូចជា៖ សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​អភិវឌ្ឍន៍ សិទ្ធិ​ទទួលបាន​នូវ​ការការពារ និង​សិទ្ធិ​ចូលរួម ។ ឯកឧត្តម​បាន​បន្តទៀតថា “បើ​ចង់​ឲ្យ​ទំពាំង​ស្នង​ឬស្សី​ទៅបាន លុះត្រាតែ​ទំពាំង​ទាំងនោះ​គឺជា​ទំពាំង​ល្អ​ប្រកបដោយ​ជីវជាតិ ហេតុដូច្នេះ​យើង​ត្រូវតែ នាំគ្នា​ថែទាំ​ដាក់ជី ជ្រោយ​ដី និង​ស្រោច​ទឹក​វា​ឲ្យ​ល្អ ទើប​អាច​ស្នង​ទៅជា​ឬស្សី​បានល្អ!” ។ ក្នុង​ពិធី​នេះ​មាន​កុមារ​ចំនួន៣០០នាក់​ចូលរួម ដោយ​ម្នាក់ៗទទួលបាន​កន្សែងពោះគោ​ចំនួន១ សៀវភៅ​ចំនួន២ក្បាល និង​ប៊ិច២ដើម ។

ជា​ចុងបញ្ចប់ ឯកឧត្តម អភិបាលខេត្ត បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទឹកចិត្ត​ចិញ្ចឹម​បីបាច់​ថែរក្សា អប់រំ និង​ធ្វើពលកម្ម​គ្រប់បែបយ៉ាង ប្រកបដោយ​ព្រហ្មវិហារ​ធម៌ របស់​មាតាបិតា អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​ដៃ​គូរ​អភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ ចំពោះ​បុត្រ​ធីតា និង​សិស្សានុសិស្ស​របស់​យើង ៕

Related Post