រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សិក្ខាសាលាស្តីពីការពិភាក្សាលើការរៀបចំផែនការមេរដ្ឋាភិបាលអេឡិកត្រូនិក (eGovernment ថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៧)

ព្រឹក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ញឹក បាន​ខេង អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​ចូលរួម​ជាអធិបតី​ ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី “ការកសាង​សមត្ថភាព ​លើ​ការរៀបចំ​ផែនការ​ រដ្ឋាភិបាល​អេឡិកត្រូនិក” ។ ឯកឧត្តម​បានលើកឡើង​ថា រដ្ឋាភិបាល​នានា​លើ​ពិភពលោក​កំពុង​ប្រឈមមុខនឹង​បញ្ហា​ក្នុងការ​ផ្ដល់ និង​ទ្រទ្រង់​គុណភាព​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន និង​ដើម្បី​ជម្រុញ​កំណើនសេដ្ឋកិច្ច ។ ការវិនិយោគ និង​ការអនុវត្ត​រដ្ឋាភិបាល​អេឡិកត្រូនិក​បានបង្ហាញ​ថា គឺជា​យន្តការ​ដ៏​ត្រឹមត្រូវ ក្នុងការ​បង្កើន​គុណភាព​លើ​ការផ្ដល់សេវា​សាធារណៈ ។

នៅក្នុង​សិក្ខាសាលា​ស្ដីពី “ការកសាង​សមត្ថភាព​លើ​ការរៀបចំ​ផែនការ​រដ្ឋាភិបាល​អេឡិកត្រូនិក” រយៈពេល ២ ថ្ងៃនេះ សិក្ខាកាម​នឹងសិក្សា​អំពី​ទិដ្ឋភាព​ស្នូល​នៃ​មូលដ្ឋាន​របស់​រដ្ឋាភិបាល​អេឡិកត្រូនិក, និន្នាការ​បច្ចេកវិទ្យា​គន្លឹះ​ដែល​ជះឥទ្ធិពល​ដល់​រដ្ឋាភិបាល​អេឡិកត្រូនិក យុទ្ធសាស្រ្ត​រដ្ឋាភិបាល​អេឡិកត្រូនិក​របស់​អន្តរជាតិ ការតម្រង់​យុទ្ធសាស្រ្ត​រដ្ឋាភិបាល​អេឡិកត្រូនិក​ជាមួយនឹង​អាទិភាព​ជាតិ ការយល់ដឹង​អំពី​ជំហាន​ក្នុង​ការធ្វើផែនការ​រ​សកម្មភាព​អភិវឌ្ឍ​រដ្ឋាភិបាល​អេឡិកត្រូនិក និង​ការអនុវត្ត​គម្រោង ។

សិក្ខាកាម​ដែល​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​សិក្ខាសាលា​នេះ គឺជា​មន្ត្រី​គ្រប់គ្រង​សេវាសាធារណៈ​ មកពី​មន្ទីរ​អាទិភាព​នានា​ក្នុង​ខេត្ត រួមទាំង​មន្ត្រី​សាលាខេត្ត​ផងដែរ ។ សិក្ខាកាម ត្រូវបាន​រៀបចំ​ជា​ក្រុម​ដែលមាន​សមាជិក​ពី ៥ទៅ៦នាក់ ដើម្បី​ធ្វើការ​ពិភាក្សា​លើ​បញ្ហា​ប្រឈម ​នៃ​ការផ្តល់សេវា​សាធារណៈ ការប្រើប្រាស់បច្ចេកវិទ្យា​សម្រាប់​ស្ថាប័ន និង ​ការកំណត់​ព័ត៌មាន​អំពី​សេវា​ដែល​មន្ទីរ​នីមួយៗកំពុងផ្តល់​ជូន​ប្រជាពលរដ្ឋ ។ រាល់​លទ្ធផល​នៃ​ការពិភាក្សា​នេះ នឹង​ប្រើប្រាស់​ជា​ធាតុ​ចូលក្នុង​ការរៀបចំ​ផែនការ​សកម្មភាព​ទំនើបកម្ម​គេហទំព័រ​សាលាខេត្ត​កំពង់ធំ ។
ឆ្លៀតឱកាស​នេះ ឯកឧត្តម ញឹក បាន​ខេង បាន​ជម្រាប​ដល់ លោក លោកស្រី ជ្រាបថា បន្ទាប់ពី​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃនេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​បន្ត​សហការ​ក្នុងការ​គាំទ្រ​រាល់​ការងារ​បច្ចេកទេស​ក្នុងការ​រៀបចំ និង​អនុវត្ត​ផែនការ​សកម្មភាព​ទំនើបកម្ម​គេហទំព័រ​សាលាខេត្ត​កំពង់ធំ ហើយ​មន្ត្រី​ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ផងដែរ នឹង​ក្លាយជា​មន្ត្រី​បង្គោល​តំណាង​ឲ្យ​មន្ទីរ​ស្ថាប័ន​នៅក្នុង​ការចូលរួម​ផ្តល់ព័ត៌មាន​បង្កើត​សេវា​របស់​ស្ថាប័ន​ខ្លួន នឹងដាក់​ដំណើរការ​សេវា​ទាំងអស់នោះ​រួមគ្នា​តែមួយ ។

ជា​កិច្ចបញ្ចប់ ឯកឧត្តម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​នាយកដ្ឋាន​រដ្ឋាភិបាល​អេឡិកត្រូនិក​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រុមការងារ​គេហទំព័រ​សាលាខេត្ត​កំពង់ធំ និង​មន្ត្រី​ពាក់ព័ន្ធ​នានា ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​រៀបចំ​សិក្ខាសាលា​នេះ ៕

 

Related Post