.
នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ប្រកាស និងសេចក្តីណែនាំ ពាក់ព័ន្ធដំណើរការប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។
ក្នុងឱកាសនេះដែរ លោក លី វេត នាយកទីចាត់ការផែនការ និងវិនិយោគ បានធ្វើបទបង្ហាញស្តីពី៖
១.ការធ្វើប្រតិភូកម្មអំណាចអភិបាលរាជធានី-ខេត្ត ក្នុងការចាត់តំាងដំណើរការនៃកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិថ្មី។
២.ការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ប្រកាសឈ្មោះមេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២ និងការចាប់ផ្តើមបំពេញការងារបន្ទាប់ពីការប្រជុំលើកដំបូង។
៣.ការរៀបចំរបាយការណ៍សង្ខេបសម្រាប់ការផ្ទេរពីក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិចាស់ ទៅឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិថ្មី។
៤.ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។
៥.ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។
នាឱកាសនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា៖ សូមលោកអភិបាលក្រុងស្រុកទំាងអស់ត្រូវត្រៀមលក្ខណៈដើម្បីគាំទ្រដល់ដំណើរការ ប្រកាសសុពលភាពចូលកាន់មុខតំណែង របស់ក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅតាមឃុំសង្កាត់នីមួយៗ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រកាសសុពលភាពនៃកិច្ចប្រជុំលើកដំបូង ក្រោយរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃប្រកាសលទ្ធផលជាផ្លូវការ ជាពិសេសឯកឧត្តម ណែនាំឲ្យក្រុងស្រុកត្រៀមរៀបចំកាលវិភាគ ចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៅតាមឃុំសង្កាត់នានា ក្នុងខេត្តកំពង់ធំ ដើម្បីឲ្យឃុំ-សង្កាត់ បន្តរភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ៕