(រដ្ឋបាលខេត្តកំពង់ធំ): ប្រជាពលរដ្ឋនៅសង្កាត់ព្រៃតាហ៊ូ មានទឹកមុខសប្បាយរីករាយ និងសាទរ នៅពេលដែលឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះត្រួតពិនិត្យផ្លូវបេតុងដែលទើបតែធ្វើរួច នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា រដ្ឋបាលខេត្ត ជាពិសេសរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ពេលវេលានិងគ្រប់ទីកន្លែង ។ជាក់ស្ដែងផ្លូវបេតុងមួយខ្សែនេះ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច ជីវភាពរស់នៅប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ មានសុវត្ថិភាពក្នុងចរាចរណ៍ឆ្លងកាត់ ងាយស្រួលក្នុងការការដើរហាត់ប្រាណកម្សាន្ត ប្រកបរបរលក់ដូរ ចំណេញពេលវេលានិងថវិកា។ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តថា រដ្ឋបាលខេត្តនឹងខិតខំក្នុងការ កែលម្អ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាបន្តបន្ទាប់់បន្ថែមទៀត ទៅតាមលទ្ធភាពដែលយើងមាន ។
លើសពីនេះះទៀតឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវបេតុង១ខ្សែរនេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម ប្រកបដោយភាពយូរអង្វែង និងត្រូវរៀបចំបរិវេណពីចិញ្ចើមផ្លូវមកកាន់មុខផ្ទះអោយបានស្អាត មានអនាម័យនិងផាសុខភាពក្នុងការរស់នៅ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋទាំងអស់មិនថាក្មេងចាស់ប្រុសស្រី សម្ដែងនូវភាពសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះការទទួលបានផ្លូវបេតុងថ្មីមួយខ្សែនេះ និងថ្លែងអំណរគុណចំពោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ពួកគាត់ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានស្វែងរកសន្តិភាព និងសូមជូនពរទេវតាតាមថែរក្សាសម្ដេចតេជោ ហ៊ុន សែន ឲ្យទទួលបាននូវសុខភាពល្អ បន្តដឹកនាំប្រទេសឲ្យមានការរីកចម្រើនបន្តទៅមុខទៀត។
សូមបញ្ជាក់ថា ផ្លូវបេតុងមួយខ្សែនេះ មានប្រវែង ១៤៨០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់១៥សង់ទីម៉ែត្រ និងមានការដាំកូនឈើ ប្រភេទដើមក្ងោក ចំនួន២៨០ដើម អមសងខាងផ្លូវផងដែរ។