(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំរៀបចំផែនការ ដើម្បីត្រៀមរៀបចំពិធីបុណ្យជាតិចំនួន២ នៅក្នុងខេត្តកំពង់ធំ នាពេលខាងមុខនេះ រួមមាន៖
១. ពិធីខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ
២. ពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ នៅតាមដងស្ទឹងសែន ខេត្តកំពង់ធំ
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ញឹក បានខេង ថ្លែងថា ដើម្បីឲ្យដំណើរការនៃការរៀបចំពិធីនេះប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ សូមកងកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំអនុវត្តនូវផែនការដែលថ្នាក់ដឹកនាំប្រគល់ជូន ប្រកបដោយ ការទទួលខុសត្រូវខ្ពស់។
លើសពីនេះទៀត ឯកឧត្តម ញឹក បានខេង បន្ថែមទៀតថា ពិធីបុណ្យជាតិទាំងពីរនេះ ពិតមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិយើង ក្នុងចំណោមបុណ្យជាតិផ្សេងទៀត។ ហើយចំពោះពិធីខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធធ្វើនៅរង្វង់មូលវិមានឯករាជ្យ ក្នុងក្រុងស្ទឹងសែន ក្នុងថ្ងៃនោះដែរ ឯកឧត្តម បានណែនាំដល់មន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន ឲ្យតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាសក្សត្រ ទង់ក្អែប បដាពាក្យស្លោក និងបំផុសប្រជាពលរដ្ឋឲ្យចងទង់ជាតិគ្រប់គេហដ្ឋាន ដើម្បីអបអរសាទរពិធីបុណ្យនេះ ឲ្យបានឱឡាឬក។
រីឯពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ យើងត្រូវរៀបចំបានល្អទៅតាមផែនការដែលគ្រោងទុក ដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី មកទស្សនាទស្សនីយភាពពិធីប្រណាំងទូក ហើយនៅពេលរាត្រី មានកម្មពិធីបាញ់កាំជ្រួច ជូនប្រជាពលរដ្ឋទស្សនា ឲ្យកាន់តែសប្បាយរីករាយថែមទៀត និងញ៉ាំងឲ្យពិធីនេះកាន់តែអ៊ូអរ និងអធិកអធម។ ទន្ទឹមនឹងនោះ កងកម្លាំងមានសមត្ថកិច្ច ក៏ការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឲ្យល្អ ជៀងវាងបញ្ហាណាមួយកើតឡើងជាយថាហេតុ។
សូមបញ្ជាក់ផងដែរថា ការប្រណាំងទូកឆ្នាំនេះ មិនទាន់មានការកំណត់ពេលវេលានោះទេ រងចាំមើលស្ថានភាពទឹកស្ទឹងសែន។