រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំបូកសរុបរបាយការណ៍ត្រីមាសទី២ ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានរៀបចំ កិច្ចប្រជុំបូកសរុប របាយការណ៍សកម្មភាពប្រចាំត្រីមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលមានការអញ្ជើញ ចូលរួមសមាជិកគណៈកម្មាធិការសាខា និងអនុសាខាទំាង ៨ក្រុងស្រុក។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា សូមឲ្យអនុគណៈកម្មការ គ្រប់ក្រុងស្រុកទំាងអស់ត្រូវបង្កើន ការយកចិត្តទុកដាក់ លើការងារមនុស្សធម៌ ផ្តល់សេវាកម្មមនុស្សធម៌ ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ។ ត្រូវនាំគ្នាជួយសាងសង់ផ្ទះជូន ប្រជាពលរដ្ឋណាដែល ក្រីក្របំផុតអនុសាខាក្រុងស្រុកទំាងអស់ជាអ្នក ទទួលខុសត្រូវលើការងារនេះ ហើយយើងត្រូវរៀបចំបង្កើតក្រុមទ្រទ្រង់ ក្រុមផ្គត់ផ្គង់សម្ភារៈ ក្រុមសវនកម្មផ្ទៃក្នុង ដើម្បីត្រួតពិនិត្យថវិកានៅក្នុងសាខា និងអនុសាខាតាមបណ្តាក្រុងស្រុក ដោយ រៀបចំផែនការថវិកាច្បាស់លាស់ ចំពោះអនុសាខាតាមបណ្តា ក្រុងស្រុកទំាងអស់ ត្រូវស្រង់ឈ្មោះជនក្រីក្រ ឲ្យបានច្បាស់លាស់ ងាយស្រួលក្នុងការជួយដល់ពួកគាត់ ។

ឯកឧត្តមសូមផ្តាំផ្ញើដល់សមាជិកទាំងអស់ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ត្រូវឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ចំពោះ ក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ ត្រូវរកកន្លែងមានសុវត្ថិភាពជៀសវាងគ្រោះមហន្តរាយធម្មជាតិ ដូចជារន្ទះបាញ់ ខ្យល់កន្តាក់ រលំដើមឈើ រលំផ្ទះជាដើម  ក្នុងនោះដែរបងប្អូនត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាតចំពោះស្ត្រីដែលមានទម្ងន់ ត្រូវទៅរកសេវាសុខាភិបាល ដើម្បីថែរក្សាផ្ទៃពោះ ត្រូវពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ យ៉ាងហោចណាស់ឲ្យបានបួនដង មុនសម្រាល និងទៅសម្រាល នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត បើសង្ស័យថាខ្លួនមានផ្ទុកមេរោគអេដស៍ សូមទៅធ្វើតេស្តឈាមដើម្បីទទួលយកថ្នាំ ពន្យាជីវិតពីគ្រូពេទ្យ និងពិធីទប់ស្កាត់ការឆ្លងមេរោគពីម្តាយទៅកូន ។ ត្រូវគិតគូពីសុវត្ថិភាពតាមដងផ្លូវ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ត្រូវបើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោម ឥទ្ធិពលនៃគ្រឿងស្រវឹង។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែជួយប្រជាពលរដ្ឋជួបបញ្ហារងគ្រោះ ។

Related Post