ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងឯកឧត្តម ឧត្តមសេនីយ៍ឯកទោ ពៅ ហេង មេបញ្ជាការរងនាយសេនាធិការ មេបញ្ជាការយោធាភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីយុទ្ធដំណើរទ័ព បាញ់ស៊ីបគ្រាប់ពិតដល់នាយទាហាន នាយទាហានរងពលទាហាន នៅបញ្ជាការដ្ឋានវរសេនាតូចថ្មើរជើងលេខ១ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ ពិធីនេះមានការអញ្ជើញចូលរួមពី ប្រធានអង្គភាពមន្ត្រីរាជការជុំវិញខេត្ត និងកងកំលាំងប្រដាប់អាវុធ ប្រមាណជាង៤០០នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើរបាយការណ៍ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោភូមិភាគទី៤ ការបើកវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំតាមផែនការបានកំណត់ដែលមានសន្ទស្សន៍ដាក់ចុះចំនួន១០០នាក់ ។ ចំនួននេះអង្គភាពបានសម្រេចរៀបចំហ្វឹកហាត់ដល់កំលាំងវរសេនាតូចថ្មើជើងលេខ១ ដើម្បីបំប៉នដល់កំលាំងលើផ្នែកយុទ្ធវិធី វិន័យ សណ្តាប់ធ្នាប់ បង្កើនមនសិកាស្នេហាជាតិ ពង្រឹងតួនាទី ចូលរួមក្នុងកិច្ចការពារដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ ក្នុងនោះមានការបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធ B៤០ និងមានយុទ្ធដំណើរទ័ពក្នុងចម្ងាយផ្លូវ ៣២ គីឡូម៉ែត្រ នៅពេលបញ្ចប់វគ្គផងដែរ ។ ការហ្វឹកហ្វឺនរៀនសូត្រនេះមានរយៈពេល ៤៥ ថ្ងៃដោយមានការឧបត្ថម្ភគាំទ្រពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវថវិការមួយចំនួន រួមផ្សំជាមួយរបបហូបចុកប្រចាំថ្ងៃ ។ ចំណេះដឹង និងសមត្ថភាពទាំងនេះជាការពង្រឹងសមត្ថភាពបន្ថែមដល់យោធិនឲ្យក្លាយជាឧបករណ៍ដ៏រឹងមាំក្នុងការចូលរួមរក្សាសន្តិសុខសង្គម ។
ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា កម្មវិធីហ្វឹកហ្វឺននេះ ពិតជាមានសារសំខាន់សម្រាប់យោធិនរបស់យើង សព្វថ្ងៃនេះប្រទេសយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក៏ប៉ុន្តែកម្លំាងយោធារបស់យើងត្រូវតែមានភាពរឹងមាំ ដើម្បីបន្តការពារបុព្វហេតុជាតិមាតុភូមិរបស់យើង ប្រទេសយើងមានសុខសន្តិភាពមិនអាចបំភ្លេចចោលកាតព្វកិច្ចយោធារបស់យើងនោះទេ ដូច្នេះត្រូវចងចាំ និងអនុវត្តន៍ឲ្យខ្ជាប់ខ្ជួន នូវអនុសាសន៍ ៦ចំណុច របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យយោធារបស់យើងធ្វើការហ្វឹកហ្វាត់ជាបន្តបន្ទាប់ ដើម្បីបង្កើនចំណេះថ្មីៗបន្ថែមទៀត ហើយការបាញ់ស៊ីបគ្រាប់ពិតរបស់យើងទទួលបានលទ្ធផលល្អ បាញ់ចំគោលដៅ ដែលមានចំងាយ ១០០ម៉ែត្រផងដែរ ។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា កងទ័ពមានកាតព្វកិច្ច ក្នុងការការពារដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ឧត្តមសេនីយ៍ ពៅ ហេង ក៏បានមានប្រសាសន៍ដាស់តឿនដល់នាយទាហាន និងពលទាហានទាំងអស់ត្រូវត្រៀមខ្លួនដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងការបង្ការគ្រោះធម្មជាតិផ្សេងៗ ត្រូវសហការណ៍គ្នាជាមួយកងកម្លាំងដទៃទៀតក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ហើយនាយទាហាន និងពលទាហានត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន បើពិនិត្យឃើញថាមានផ្ទុកសារធាតុញៀន នឹងត្រូវបណ្តេញចេញពីអង្គភាពជាបន្ទាន់ ត្រូវគោរពច្បាប់ចរាចរណ៍ ដោយចេះយោគយល់អធ្យាស្រ័យក្នុងពេលបើកបរ និងត្រូវសហការណ៍ផ្ទៃក្នុងឲ្យបានល្អ ។ ឯកឧត្តមបានផ្តាំផ្ញើដល់កងកំលាំងទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការរៀនសូត្រតាមក្បួនយុទ្ធសាស្ត្រ ដោយស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ កាត់បន្ថយការបង្ហូរឈាមលើសមរភូមិប្រយុទ្ធ ត្រូវស្មោះត្រង់ចំពោះជាតិ មាតុភូមិ មានមនសិការស្នេហាជាតិ ការពារឲ្យបាននូវរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត ។ ត្រូវចងចាំឲ្យបានច្បាស់នូវ លក្ខណៈសម្បត្តិរបស់នាយទាហាន គឺត្រូវគោរពវិន័យ មានអាកប្បកិរិយាថ្លៃថ្នូរ សកម្មក្នុងការងារ មានចិត្តក្លាហានមោះមុត មានការទទួលខុសត្រូវ មានសាមគ្គីភាពល្អ និងមានភក្តីភាពជានិច្ចចំពោះថ្នាក់ដឹកនាំ ។ ត្រូវបន្តខិតខំរៀនសូត្រពីគ្នាទៅវិញទៅមកបន្ថែមទៀតដើម្បីក្លាយជាយោធិនមានសមត្ថភាពខ្ពស់ មានចំណេះដឹងគ្រប់មុខជំនាញ ដើម្បីយកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងត្រូវលើកកម្ពស់ស្មារតី គ្រប់គ្រងថែរក្សាសម្ភារៈបរិក្ខា សព្វាវុធ និងគ្រឿងបំពាក់ឲ្យបានល្អ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋដែលនៅជិតតំបន់ឈរជើងរបស់យើង ត្រូវចូលរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍នៅមូលដ្ឋាន ។ ចុងក្រោយក៏មានការចែកជូននូវប័ណ្ណសរសើរដល់សិក្ខាកាម ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងយកចិត្តទុកដាក់ដោយទទួលបានលទ្ធផលល្អប្រសើរ ៕