រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ញឹក បានខេង អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់-ទទួលសមិទ្ធផលនានា របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ)÷ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ លោក ខេល្លី អ័រ ចនសុន ប្រធានគណៈកម្មាធិការជំនួយមនុស្សធម៌របស់សាសនា ចក្រប្រចាំតំបន់អាស៊ី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអង្គភាព អភិបាលក្រុង/ស្រុក និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលសមិទ្ធផលនានា របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ  រសៀលថ្ងៃទី១១ ខែមីនាឆ្នាំ២០២៤។       

លោកវេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់នៃសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា។ ការអភិវឌ្ឍធនធានមនុស្ស ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ អគារមន្ទីរពេទ្យ និងមណ្ឌលសុខភាព ការបំពាក់ឧបករណ៍ពេទ្យចាំបាច់សម្រាប់ជាជំនួយដល់ការធ្វើរោគវិនិច្ឆ័យសម្រាប់ការថែទាំ-ព្យាបាល គឺជាកត្តាគន្លឹះ និងចាំបាច់បំផុត។ ដោយផ្អែកលើស្មារតីនេះ ការគាំទ្រ និងជ្រោមជ្រែងពីសំណាក់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រិស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលផ្តល់នូវគម្រោងមនុស្សធម៌ចំនួន៨ដល់មន្ទីរពេទ្យបង្អែកទាំងបីនៅក្នុងខេត្តកំពង់ធំ រួមមាន÷ ការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ អគារមន្ទីរពេទ្យ, ការជួសជុលកែលប្រប្រព័ន្ធបង្ហូរទឹកភ្លៀងក្នុងមន្ទីរពេទ្យ ការបំពាក់ឧបករណ៍វេជ្ជសាស្ត្រ។      

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ញឹក បានខេង បានមានប្រសាសន៍ថា មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព គឺអង្គភាពថ្នាក់ក្រោមបង្អស់ ដែលស្ថិតនៅជិតប្រជាជនបំផុត ដែលមានតួនាទីចំបងក្នុងការផ្តល់សេវាសុខភាពមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយជូនដល់ប្រជាពលរដ្ឋ។ នៅខេត្តកំពង់ធំ មានមន្ទីរពេទ្យខេត្ត០១ មណ្ឌលសុខភាពចំនួន៥៦ ប៉ុស្តិ៍សុខភាពចំនួន០៥ និងមន្ទីរពេទ្យបង្អែកមានចំនួន០២កន្លែង។ ក្នុងរយៈពេល០១ឆ្នាំកន្លងទៅនេះ មន្ទីរពេទ្យរដ្ឋ បានពិនិត្យ និងពិគ្រោះជំងឺប្រមាណ៤១ម៉ឺនករណី និងទទួលអ្នកជំងឺសម្រាកព្យាបាលប្រមាណ២.៥០០នាក់ ដែលមានអត្រាស្លាប់ ០.៧៣%។ រួមជាមួយគ្នានេះ មន្ទីរព្យាបាលឯកជនមានចំនួន០៩កន្លែង ដែលមានបន្ទប់ពិគ្រោះជំងឺសរុបចំនួន ១៦៤កន្លែង ។      

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានកោតសរសើរដល់ថ្នាក់ដឹកនាំដែលបានជួសជុល និងសាងសងសំណង់អគារមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដែលបាន ចំណាយរយៈពេល១ឆ្នាំ ក្នុងការសាងសង់នេះ ក្លាយទៅជាគុណប្រយោជន៍ដ៏សំខាន់ សម្រាប់បម្រើវិស័យសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំឱ្យកាន់តែមានប្រសិទ្ធភាព។ អគារថ្មី បរិយាកាសប្រកបដោយផាសុកភាព ជាមួយនឹងឧបករណ៍វេជ្ជសាស្រ្តទំនើបៗ ដែលបានបំពាក់ក្នុងអគារមន្ទីរពេទ្យបង្អែកនេះ ពិតណាស់នឹងជួយកាត់បន្ថយអត្រាមរណៈឱ្យស្ថិតក្នុងកម្រិតកាន់តែទាបជាងមុន។    

គួរបញ្ជាក់ផងដែរថា ក្រោយពីប្រារព្ធពិធីចប់ គណៈអធិបតីក៏បានអញ្ជើញទៅពិនិត្យអគារដែលសាងសង់រួច និងចុះសួរសុខទុក្ខដល់អ្នកជំងឺ ដែលកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែតខេត្តកំពង់ធំ។

Related Post