(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មាធិការវិនិយោគកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពី វិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីកសាងសមត្ថភាពមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ តារា អភិបាលរងខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពី អនុគណៈកម្មាធិការវិនិយោគខេត្តទាំង៣ និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។
ជាមួយគ្នានោះដែរ ឯកឧត្តម ចាន់ តារា ថ្លែងថា សិក្ខាសាលារយៈពេល១ថ្ងៃនេះ បានឆ្លុះបញ្ចាំង និងការរួមចំណែក នូវការអនុវត្តគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងការខិតខំរួមគ្នារវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងសមត្ថភាពអនុគណៈកម្មាធិការ0វិនិយោគខេត្ត ក្នុងការបំពេញភារកិច្ចក្នុងដែនសមត្ថភាពខ្លួន ស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន បន្តប្រឹងប្រែងធ្វើអោយបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ។
ឯកឧត្តម ចាន់ តារា បន្ថែមទៀតថា ការកៀរគរការវិនិយោគ ទាំងអ្នកវិនិយោគក្នុងស្រុក និងមកពីក្រៅស្រុក គឺជាគោលដៅដ៏ចាំបាច់មួយរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរ។
ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា មានប្រសាសន៍លើកឡើងថា ច្បាប់ស្តីពីវិនិយោគនេះ មានគោលបំណងបង្កើតនូវក្របខ័ណ្ឌតតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ៖
១* ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចអាចធ្វើពិពិធកម្ម និងធន់ទៅនឹងវិបត្តិក្នុងតំបន់និងសកលលោក។
២* ការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធន ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ។
៣* ការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជា មុខបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គម-សេដ្ឋកិច្ច។
៤* ការផ្តល់ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈ ការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាពស្រប ទៅនឹងផលប្រយោជន៍ជាតិ។
ចុងក្រោយឯកឧត្តមបណ្ឌិត សរ សិនិរ៉ា មានប្រសាសន៍បន្តទៀតថា ក្រោយសិក្ខាសាលានេះបញ្ចប់សង្ឃឹមថា អនុគណៈកម្មាធិការវិនិយោគខេត្តទាំង៣ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ និងឧត្តរមានជ័យ ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ បន្ថែមទៀតក្នុងការជួយដល់រដ្ឋបាលខេត្តនីមួយៗក្នុងវិស័យវិនិយោគ។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន