(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងឯកឧត្តម ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ កែ ប៊ុនហួរ ជាប្រធានពន្ធនាគារថ្មីនៃខេត្តកំពង់ធំ ជំនួសលោក តាម វៃ ត្រូវបានផ្ទេរទៅជាប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ឯកឧត្តម ញឹក បានខេង ថ្លែងថា ការរៀបចំពិធីប្រកាសនៅពេលនេះ គឺក្នុងគោលបំណង បង្ហាញពីសុច្ឆន្ទៈ និងការតាំងចិត្តមោះមុតក្នុងការកែទម្រង់ផ្ទៃក្នុង ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីការរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់រដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ សំដៅធ្វើយ៉ាងណា លើកកម្ពស់ប្រសិទ្ធភាពការងារតាមឋានានុក្រម ការទទួលខុសត្រូវ ចំពោះតួនាទី និងភារកិច្ច របស់មន្ត្រីរាជការក្នុងខេត្តកំពង់ធំ ដើម្បីចូលរួមចំណែក ក្នុងការធ្វើឲ្យប្រសើរឡើង អភិវឌ្ឍរីកចម្រើន និងធានាដល់ការផ្គត់ផ្គង់ ផ្តល់សេវាកម្មសាធារណៈ និងតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានប្រគល់ប្រកាសនីយបត្រនិងត្រាជូនដល់លោកប្រធានពន្ធនាគារខេត្តកំពង់ធំ ទើបឡើងទទួលតំណែង និងបានណែនាំក្រើនរំលឹកទាញចំណាប់អារម្មណ៍ដល់ប្រធានពន្ធនាគារថ្មី ៖
ទី១* ត្រូវបន្តដឹកនាំ រក្សាឲ្យបាននូវស្ថានភាពជាវិជ្ជមាន នៃការគ្រប់គ្រងអង្គភាព (ឬរក្សាស្ថានភាព ដែលមានពីមុន) ដែលអតីតប្រធានពន្ធនាគារមុនបានអនុវត្ត។ រក្សាឲ្យបានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងល្អ តាមភារកិច្ចដែលបានបែងចែក និងការទទួលខុសត្រូវ ដើម្បីធានាដល់និរន្តរភាព ប្រសិទ្ធភាពការងារ។
ទី២* ត្រូវពង្រឹង និងធ្វើឲ្យមានភាពសុខដុមបនីយកម្មនៅកន្លែងការងារ រក្សាសាមគ្គីភាពផ្ទៃក្នុង ដោយកម្កល់ប្រយោជន៍របស់អង្គភាពជាធំ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវ ភាពម្ចាស់ការលើភារកិច្ចរបស់ខ្លួន។
ទី៣* ពង្រឹងលើកកម្ពស់អនុវត្តច្បាប់ បន្តយកចិត្តទុកដាក់បង្កើនការយល់ដឹងអំពីច្បាប់ និងលិខិត បទដ្ឋានគតិយុត្ត ដែលជាមូលដ្ឋានអនុវត្ត ធានាឲ្យការងារដឹកនាំជំនាញប្រកបដោយភាពត្រឹមត្រូវ។
ទី៤* ពង្រឹងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឆែកឆេរ រកវត្ថុសម្ភារៈហាមឃាត់ចូលក្នុងពន្ធនាគារ ពិសេស សម្ភារៈបង្កហានីភ័យ គ្រឿងញៀន និងទូរស័ព្ទដៃ ដែលជាមធ្យោបាយទំនាក់ទំនងសកម្មភាពល្មើស ទាំងនៅក្នុង និងទៅខាងក្រៅពន្ធនាគារ។
ទី៥* ត្រូវអនុវត្តការងារដឹកនាំ គ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់តាមតួនាទី ភារកិច្ច និងតាមការ បែងចែកការទទួលខុសត្រូវ។ អនុវត្តការងារដោយមានរបបប្រជុំ របបរាយការណ៍ទៀងទាត់ ត្រួតពិនិត្យ តាមដាន វាយតម្លៃ និងតម្រង់ទិសជាប្រចាំ ដើម្បីធានាឱ្យការងារមានប្រសិទ្ធភាពខ្ពស់ ព្រមជាមួយ គោលនយោបាយលើកទឹកចិត្ត ជូនរង្វាន់ ដោយឈរលើសច្ចៈភាព និងតម្លាភាព។
ទី៦* យកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ឬបន្ទប់ឃុំឃាំង និងនៅក្នុង បរិវេណពន្ធនាគារ ត្រូវធានាឲ្យមាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។
ទី៧* ត្រូវស្វ័យសិក្សារៀនសូត្របង្កើនចំណេះដឹង ធ្វើការផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងគោលការណ៍ ឬសេចក្តីណែនាំរបស់អគ្គនាយកដ្ឋាន ដល់មន្ត្រីក្រោមឱវាទ និងចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
នាឱកាសនោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ អតីតប្រធានពន្ធនាគារខេត្តកំពង់ធំ ឡើងបង្ហាញពីស្ថានភាពទូទៅនៃការគ្រប់គ្រងមន្រ្តី ការគ្រប់គ្រងជនជាប់ឃុំ សមិទ្ធិផលដែលសម្រេចបាន បញ្ហាប្រឈមផ្សេងៗ និងបានលើកឡើងថា ចំពោះពន្ធនាគារខេត្តកំពង់ធំ បច្ចុប្បន្នស្ថានភាពជនជាប់ឃុំសរុបមាន ៧៦២នាក់ មន្ត្រីពន្ធនាគារ ចំនួន ៦១នាក់ ស្រី ចំនួន ១១នាក់។
ដើម្បីជាកិច្ចតបស្នងចំពោះសមានចិត្តរបស់ថ្នាក់ដឹកនាំ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ កែ ប៊ុនហួរ ទើបទទួលបានមុខតំណែងថ្មី បានធ្វើការប្តេជ្ញាដូចខាងក្រោម៖
១- ប្តេជ្ញាគោរព និងប្រតិបត្តិតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនានា ពិសេសគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
២- ប្តេជ្ញាគោរពនិងប្រតិបត្តិតាមបទដ្ឋានគិតយុត្តនានា របស់ក្រសួងមហាផ្ទៃ ផែនការ យុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានពន្ធនាគារ គោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ និងថ្នាក់ដឹកនាំខេត្ត
៣- ប្តេជ្ញាខិតខំដឹកនាំគ្រប់គ្រងអង្គភាពឱ្យដំណើរការរក្សាបានសន្តិសុខសុវត្ថិភាព។
៤- ប្តេជ្ញាគោរពអនុវត្តឱ្យបានត្រឹមត្រូវតាមបទវិន័យ និងក្រមសីលធម៌មន្ត្រីពន្ធនាគារ។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន