(ខេត្តកំពង់ធំ)៖ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចពិនិត្យសំណើគម្រោងអាទិភាពរបស់ខេត្ត ក្រុង ស្រុក អនុវត្តក្នុងឆ្នាំ២០២៤ ដើម្បីស្ដាប់ការធ្វើបញ្ជីគម្រោងដែលយើងនឹងធ្វើវិសោធនកម្មផែនការ ដែលជាគម្រោងរបស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគាំទ្រថវិការបស់ខេត្ត ក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងប្រភពផ្សេងៗ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ក្នុងកិច្ចប្រជុំ ឯកឧត្តម ងួន រតនៈ អនុញ្ញាតឲ្យមន្ទីរជំនាញពាក់ព័ន្ធ និងក្រុងស្រុក លើកឡើងអំពីបញ្ជីគម្រោងដោយបញ្ជាក់ទីតាំង ទំហំ និងថវិកាគាំទ្រឲ្យបានច្បាស់ និងធ្វើការពិនិត្យផ្ទៀងផ្ទាក់បញ្ជីគម្រោង និងចែករំលែកបញ្ជីគម្រោងដែលយើងនឹងត្រូវធ្វើការអនុវត្ត នាពេលខាងមុខនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តម ជំរុញដល់មន្ទីរជំនាញក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធនានា ពិនិត្យពិចារណាលើ គម្រោងដែលជាតម្រូវការ ដើម្បីពន្លឿននៃការធ្វើគម្រោងអាទិភាពនៅក្នុងមូលដ្ឋានឱ្យមានភាពប្រសើរឡើង។
ឯកឧត្តម បញ្ជាក់បន្ថែមថា កិច្ចប្រជុំថ្ងៃនេះគឺជា ទិន្នន័យគោលជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធ ខេត្តកំពង់ធំក្នុងឆ្នាំ ២០២៤នេះ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់លើកិច្ចអភិវឌ្ឍនឱ្យចំគោលដៅ អាចសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់ ប្រជាជនទូទាំងខេត្ត សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន