(រដ្ឋបាលខេត្តកំពង់ធំ)÷ នៅក្នុងឱកាសចុះពិនិត្យទីតាំងទូកដរ ឯកឧត្តម ងួន រតនៈ បានជួបជាមួយនឹងក្មួយៗសិស្សានុសិស្ស បានណែនាំដល់ក្មួយៗ ត្រូវតែមានការប្រុងប្រយ័ត្ននៅពេលឡើងទូក មិនត្រូវប្រឡែងនៅលើទូក ត្រូវពាក់អាវពោងសុវត្ថិភាពឱ្យបានត្រឹមត្រូវ សូមឱ្យក្មួយៗត្រូវរៀនហែលទឹកឱ្យបានគ្រប់ៗគ្នា ព្រមទាំងណែនាំដល់ម្ចាស់អាជីវកម្មទូកដរត្រូវយកចិត្តទុកដាក់អំពីបញ្ហាសុវត្ថិភាពជាចាំបាច់ និងត្រូវពិនិត្យមើលលក្ខណៈបច្ចេកទេសរបស់ទូកឱ្យបានជាប្រចាំ ហើយប្រសិនបើមានបងប្អូនប្រជាពលរដ្ឋមិនពាក់អាវពោងសុវត្ថិភាពគឺមិនត្រូវឱ្យគាត់ឆ្លងឡើយ។
ការថ្លែងយ៉ាងដូច្នេះ លើកឡើងនៅក្នុងឱកាសចុះពិនិត្យទីតាំងទូកដរចម្លងនៅក្នុងភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ។
ឯកឧត្តម ងួន រតន: បានបន្ថែមទៀតថា ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្សត្រូវឆ្លងស្ទឹងជារៀងរាល់ថ្ងៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ទូកដរមួយគ្រឿងដែលមានលក្ខណៈសម្បត្តិត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ទុកសម្រាប់ចម្លងនៅទីនេះផងដែរ។
ឯកឧត្តមអភិបាលខេត្តកំពង់ធំ ក៏បានណែនាំបន្ថែមនៅពេលដែលទទួលបានទូកថ្មីមកចម្លង ម្ចាស់អាជីវកម្មទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាទូកឱ្យបានល្អ និងប្រើប្រាស់បានយូរអង្វែង ដើម្បីជាប្រយោជន៍ដល់ម្ចាស់អាជីវកម្មផង និងដើម្បីសុវត្ថិភាពដល់អ្នកឆ្លងផង។
លើសពីនេះទៀត ឯកឧត្តម ងួន រតន: បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើតគណៈកម្មការដើម្បីគ្រប់គ្រង និងថែក្សាទូកឱ្យបានច្បាស់លាស់ ហើយគណៈកម្មការត្រូវមានភារកិច្ច ត្រួតពិនិត្យដំណើរការអាជីវកម្ម និងការត្រួតពិនិត្យលើកិច្ចសន្យារបស់ម្ចាស់អាជីវកម្ម ទាំងអស់ ព្រមទាំងត្រួតពិនិត្យ និងថែរក្សា ជួសជុលទូកផងដែរ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ មានឧបទ្ទវហេតុលិចទូកចម្លងបានកើតឡើងនៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានបណ្ដាលឱ្យសិស្សសាលាអនុវិទ្យាល័យឈូក០១នាក់បានបាត់បង់ជីវិតឈ្មោះ អ៊ិន សុភ័ក្រ អាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៧ មានទីលំនៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន