(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ អាជ្ញាធរដែនដី ស្រុក ឃុំ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ ដែលកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយបង្កឱ្យរងផលប៉ះជន់លិចដំណាំស្រូវ និងដំណាំផ្សេងៗហេដ្ឋារចនាសម្ព័ន្ធ និងភូមិដ្ឋានរបស់ប្រជាកសិករជាច្រើនគ្រួសារ។
គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ បានបង្កការខូចខាតទាំងស្រុង ផ្ទៃដីដំណាំស្រូវដំណាក់កាលដល់ពេលប្រមូលផល ១,២៩៧ហិកតា ហើយផ្ទៃដីដំណាំស្រូវ ១,៤២៦ហិកតា បានរងផលប៉ះពាល់ និង ១,៥៦៨ហិកតា ផ្សេងទៀត កំពុងប្រឈម។ ក្នុងស្មារតីផ្សាភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបន្ទាប់ពីបានចុះពិនិត្យមើលឃើញស្ថានភាពជាក់ស្តែងដែលបងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះ ព្រមទាំងការលំបាកនានា បង្កឡើងដោយជំនន់ទឹកភ្លៀង, ឯកឧត្តម វង្សី វិស្សុត បានផ្តល់នូវការណែនាំមួយចំនួនដល់ក្រុមការងារ និងអាជ្ញាធរខេត្ត ហើយនឹងខិតខំរិះរកវិធានការ និងដំណោះស្រាយសមស្របចំពោះមុខ ដើម្បីសម្រួលដល់ជីវភាពរស់នៅ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ តាមដែលអាចធ្វើទៅបាន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចំាការ វង្សី វិស្សុត និងថ្នាក់ដឹកនាំអមដំណើរ បានពិនិត្យម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់ស្ទាក់ទឹកកំពង់គោផងដែរ។ ទំនប់ទឹកនេះ មានតួនាទីកាត់បន្ថយជំនន់ទឹកភ្លៀងមកលើក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ និងមានសមត្ថភាពស្តុកទឹកទុកប្រមាណ ៥០០លានម៉ែត្រគូប អាចស្រោចស្រពលើស្រុកកំពង់ស្វាយ, ស្រុកសន្ទុក, ស្រុកសណ្តាន់, ស្រុកប្រាសាទបាលង្គ័ និងក្រុងស្ទឹងសែន អាចឱប្រជាពលរដ្ឋក្នុងតំបន់នោះធ្វើស្រូវបាន ៣ដង/ឆ្នាំ ដែលនឹងបង្កើនទិន្នផលពី ៣តោន/ហត ទៅ ៦តោន/ហត និងដំណាំកសិកម្មគ្រប់ប្រភេទបន្ថែមទៀត។
ឯកឧត្តម បានបញ្ជាក់ថា នៅពេលប្រព័ន្ធធារាសាស្ត្រកំពង់គោ ក៏ដូចជាគម្រោងសាងសង់ទ្វារស្នាក់ទឹកនៅកន្លែងទំនប់សំខាន់ៗមួយចំនួនទៀតរួចរាល់ នឹងជួយមិនឱ្យមានការរជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា ដូចពេលនេះទៀតទេ និងជួយឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងរដូវប្រាំង ជាពិសេសផ្នែកកសិកម្ម ការបង្កើនទិន្នផលស្រូវ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាស្វែងរកទីផ្សា និងការអភិវឌ្ឍតាមវិស័យអាទិភាពជាច្រើនទៀត ជាមួយក្តីរំពឹងថា ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំនឹងមានជីវភាពរស់នៅកាន់តែប្រសើរឡើងថែមមួយកំរិតទៀត។
ដោយសារស្ថានភាពទឹកជំនន់ស្ទឹងសែនបានឡើងដល់កម្រិត ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន, ឯកឧត្តម វង្សី វិស្សុត បានផ្តល់ណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋក្នុងអំឡុងពេលមានគ្រោះមហន្តរាយមកដល់។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន