(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងប្រធានកិត្តិយស និងអនុប្រធាន ២រូប នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលទើបមកបំពេញភារកិច្ចថ្មី នៅខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងបានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការសមាគមអតីតយុទ្ទជនកម្ពុជា សម្រេចបាននាពេលកន្លងទៅ មានជាអាទិ៍ ការសាងសង់ផ្ទះជូនអតីតយុទ្ទជន នាពេលកន្លងទៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចំនួន៣៨៧ខ្នងផ្ទះ ក្នុងនោះមាន១៤១ខ្នងផ្ទះ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ដែលសម្តេចតេជោ បានផ្តល់ជូន១គ្រូសារមានផ្ទៃដី១ហិកតាកន្លះ និងចំនួន២៤៦ខ្នងផ្ទះទៀត នៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ ។ ក្រៅពីនោះ បានប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន ដែលទទួលមរណភាព ក្នុងរយៈពេលកន្លងទៅ បានទាន់ពេលវេលា និងបានរួមសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ធំ ក្នុងការប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ជូនក្រុមគ្រួសារសពអតីតយុទ្ទជននៅក្នុងខេត្តកំពង់ធំ និងបានទៅសំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ដម្ភស្បៀងអារហារគ្រឿងឧបភោគបរិភោគ ដែលជាអំណយមនុស្សធម៌របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវជូនដល់បងប្អូនអតីតយុទ្ទជន ដែលមានជីភាពលំបាកខ្ខះខាតនៅក្នុងខេត្តកំពង់ធំ ដោយបានបង្កភាពកក់ក្តៅ ជូនបងប្អូនអតីតយុទ្ធជនយើង ។
ឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្តមសេនីយ៍ គន់ គីម បានប្រគល់សេចក្តីសម្រេចចិត្ត និងប្រកាសតែងតាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ចំនួន២រូប គឺឧត្តមសេនីយ៍ត្រី ហេង សុផលស្នងការនគរបាលខេត្ត និងលោក ជួន សិលាវិត ប្រធានមូលនិធិជំនួយសង្គម នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជនខេត្តកំពង់ធំ ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងប្តេជ្ញាចិត្តបន្តការអនុវត្ត ក្នុងការគាំទ្រការដោះស្រាយជីវភាព ជូនបងប្អូនអតីតយុទ្ជ ដែលជួបការលំបាកខ្វះខាត និងការមើលថែទាំបងប្អូនអតីតយុទ្ធជន នៅទូទាំងខេត្តកំពង់ធំ ឲ្យបានល្អប្រសើរ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនូវការកោតសរសើរចំពោះ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ពិសេសឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការដោះស្រាយការលំបាកខ្វះខាត បម្រើអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ។
ជាមួយនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្តមសេនីយ៍ គន់ គីម បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់ប្រធានកិត្តិយស និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្រូវបន្តបម្រើបងប្អូនអតីតយុទ្ធជនរបស់យើង ទាំងការដោះស្រាយបញ្ហាដីធ្លី ផ្ទះសម្បែង និងការដោះស្រាយប័ណ្ណសមធម៌ និងប័ណ្ណគ្រួសារងាយរងហានិភ័យ ជូនដល់គ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត ដើម្បីបានទៅពិនិត្យព្យាបាលជម្ងឺនៅតាមមន្ទីពេទ្យរដ្ឋនានា ដែលរាជរដ្ឋាភិបាលជាអ្នកចំណាយថវិកាសងថ្លៃព្យាបាលជំងឺជូន ។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន