(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យករណីអភី្គភ័យឆេះផ្ទះ០១ករណី គឺនៅ (មជ្ឈមណ្ឌលសហគមន៍ភូមិអាស៊ី) ដែលបណ្តាលឱ្យខូចខាត និងសម្ភារៈជាច្រើនអស់ទាំងស្រុង ស្ថិតនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។
តាមរបាយការណ៍លោកវរសេនីយ៍ត្រី ទុយ សារឹទ្ធ នាយប៉ុស្តិ៍សង្កាត់អាចារ្យលាក់បានបញ្ជាក់ថា មានករណីអគ្គីភ័យឆេះផ្ទះចំនួន០១ខ្នង នៅវេលាម៉ោង០១:៤៥នាទី នៅចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ករណីនេះបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង។ ករណីអគ្គីភ័យឆេះផ្ទះ០១ខ្នងនេះ ជាកម្មសិទ្ធឈ្មោះ ម៉ៅ សុវណ្ណឌី អាយុ៥៣ឆ្នាំ (មជ្ឃមណ្ឌលសហគមន៍ភូមិអាស៊ី) ផ្ទះ០១ខ្នង មានទំហំ ៦ម៉ែត្រ x ១៥ម៉ែត្រ ធ្វើពីឈើប្រកក្បឿង។ សម្ភារៈដែលត្រូវខូចខាតមានដូចជា៖ ស្រូវចំនួន ០៥បេ ម៉ាស៊ីនកិនស្រូវ ០១គ្រឿង ឆាកតន្រ្ដី ០១វង់ សំបុត្រកំណើត សញ្ញាបត្រ អត្តសញ្ញាណប័ណ្ណ ឯកសារ និងសម្ភារៈផ្សេងៗមួយចំនួនទៀត។
សូមបញ្ជាក់ផងដែរថា ក្នុងករណីអគ្គីភ័យនេះ បានប្រើប្រាស់កម្លាំងសរុបរួមចំនួន ៥០នាក់។ ដឹកដោយលោក ឧត្តមសេនីយ៍ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងនគរបាលក្រុងស្ទឹងសែនចំនួន២៥នាក់ កម្លាំងនគរបាលខេត្ត ១០នាក់ ប្រជាការពារ និងប្រជាពលរដ្ឋដែលនៅជិតខាងមានចំនួន ១៥នាក់ ប្រើប្រាស់ឡានទឹកអស់ចំនួន ០៤ឡាន គ្រប់គ្រងបានទាំងស្រុងនៅម៉ោង ០៣:០៥យប់ សម្រាប់មនុស្ស គឺមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន