រសៀលថ្ងៃ ទី០៣ ខែ មីនា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ កម្មវិធីនេះ មានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុងស្រុក។ ក្នុងកិច្ចប្រជុំបានលើកឡើងពីបញ្ហាមួយចំនួនទាក់ទងទៅនិងការចុះបង្ក្រាបបទល្មើសដូចជា ខ្វះមធ្យោបាយ ខ្វះថវិកា។ ឯកឧត្តមបានលើកឡើង សូមឲ្យលោកអភិបាលក្រុង ស្រុកទំាងអស់ ពង្រឹងការប្រជុំជារៀងរាល់ខែ ចំពោះការដាក់កុងត្រូល ត្រូវមានភាពច្បាស់លាស់ និងមានលិខិតបញ្ជាក់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ករណីមន្ត្រីចរាចរណ៍ត្រូវដាក់កន្លែងផាកឲ្យបានច្បាស់លាស់ ដោយរាយការណ៍មកប៉ុស្តិ៍បានដឹង។ ចំពោះការងារក្នុងអង្គភាពទំាងអស់ត្រូវដាក់លើតុ ដើម្បីនិយាយគ្នាកុំធ្វើតែម្នាក់ឯង ត្រូវចេះបែងចែកភារកិច្ចក្នុងការទទួលខុសត្រូវ។ ឯកឧត្តមបានបន្តទៀតថា មន្ត្រីទាំងអស់ត្រូវខិតខំសម្រួលសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ត្រូវបន្តជំរុញការទប់ស្កាត់បទល្មើសនេសាទ បទល្មើសព្រៃឈើ សមត្ថកិច្ចត្រូវធ្វើការអប់រំដល់ប្រជាពលរដ្ឋដែលបានចូលកាប់ព្រៃឈើ ដើម្បីទន្ទ្រានយកដី ចំពោះបញ្ហាល្បែងស៊ីសង អាជ្ញាធរ ក្រុង ស្រុក ពង្រឹងការទប់ស្កាត់ ដើម្បីកុំបង្កើតឲ្យមានចោរឆក់ ចោរលួច ចោរប្លន់។ ត្រូវត្រួតពិនិត្យការកុងត្រូលឲ្យបានច្បាស់លាស់ក្រែងមានកុងត្រូលជជុះ។ ចុងក្រោយឯកឧត្តម បានដាស់តឿនដល់អាជ្ញាធរនិងមន្ត្រីជំនាញទាំងអស់ត្រូវធ្វើធ្វើការអប់រំកូនចៅឲ្យកែប្រែខ្លួននិងយ៉ាងណាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដើម្បីឲ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត ។