(រដ្ឋបាលខេត្តកំពង់ធំ)៖ វេនកាន់បិណ្ឌទី៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គឺជាវេនកាន់បិណ្ឌរបស់រដ្ឋបាលខេត្តកំពង់ធំ ដោយមានការចូលរួមដោយឯកឧត្តម ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីរាជការ ចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តទេពនិមិ្មត ស្ថិតនៅភូមិ កំពង់រទេះ សង្កាត់កំពុងរទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រួមទាំងពុទ្ធបរិស័ទផងដែរ។
ពុទ្ធបរិស័ទនៅទូទាំងប្រទេសគោរពប្រតិបត្តិ ទំនៀមទម្លាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។
ជារៀងរាល់ឆ្នាំនៅ ពេលដល់ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។
ជាមួយនេះដែរ រដ្ឋបាលខេត្តកំពង់ធំ បានប្រគេននូវបច្ច័យចង្ហាន់មួយចំនួន រួមមាន ទឹកសុទ្ធ ១៥កេស ភេសជ្ជៈ ១៥កេស អង្ករ ៥០០គីឡូ ព្រមទាំងបច្ច័យកសាងមួយចំនួនផងដែរ៕
អត្ថបទដោយ៖ លោក ឈួន ឆេងមួន