នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា នៅបញ្ជាការដ្ឋានវរសេនាតូចថ្មើរជើងលេខ១ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិត្រឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង៦០០នាក់។
លោក ធី វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កូនឈើប្រភេទ ឈើគ្រញូង បេង ធ្នង់ និងអាកាស្យា សរុបចំនួន ៥១០០ដើម ត្រូវបានដាក់ដាំលើផ្ទៃដីទំហំ ២ហិកតា ដើម្បីរួមចំណែកបង្កើនគម្របព្រៃឈើ និងស្តារព្រៃឈើឡើងវិញនៅក្នុងខេត្តយើងឲ្យកាន់តែប្រសើរឡើង និងបណ្ដុះទឹកចិត្តប្រជាពលរដ្ឋគ្រប់ៗរូប ឲ្យស្រឡាញ់ព្រៃឈើ និងការដាំដុះ។
នៅក្នុងឱកាសនោះឯកឧត្តម សុខ លូ បានថ្លែងថា បុណ្យរុក្ខទិវានេះ គឺជាការដង្ហែរតាមព្រះរាជតម្រិះរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ដល់បញ្ហាព្រៃឈើ និងការដាំដើមឈើ ជាអាទិភាពចំបង ហើយប្រពៃណីបុណ្យរុក្ខទិវា មានអត្ថន័យសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូប ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជម្រុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ ការបង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមទៀតផង ។
ឯកឧត្តមបន្ថែមទៀតថា «ការប្រារព្ធពិធីរុក្ខទិវា គឺជាការឆ្លុះបញ្ចាំងឲ្យឃើញ នូវការខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីគ្រប់គ្រង អភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិជីវចម្រុះ ដើម្បីជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស» ។
ទន្ទឹមនោះដែរ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ពលរដ្ឋទាំងអស់ ត្រូវចាប់ផ្ដើមដោយមិនបង្អែរបង្អង់នូវផែនការសា្ដរព្រៃឈើ និងដាំឈើឡើងវិញ ដើម្បីរក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងភោគសម្បត្ដិឲ្យកាន់តែមានសម្រស់ស្រស់បំព្រង សម្រាប់សង្គមជាតិទាំងមូល ។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចប្រើវិធានការណ៍ក្តៅដោយមិនបណ្តែតបណ្តោយ ត្រូវរកឲ្យឃើញនូវមុខសញ្ញាឈ្មួញធំៗ ចាប់យកទៅផ្តន្ទាទោសតាមច្បាប់ ហើយអនុវត្តន៍ដោយយកចិត្តទុកដាក់ ឲ្យស្មើភាពគ្នា កុំចាប់តែប្រជាពលរដ្ឋតូចតាចតែបើជាអ្នកដឹកឈើធំៗខុសច្បាប់ ធ្វើមិនដឹងមិនលឺ ត្រូវតែសហការចូលរួមជាមួយប្រជាពលរដ្ឋទាំងអស់ ក្នុងការទប់ស្កាត់កាប់បំផ្លាញព្រៃឈើ ។
ក្នុងនោះដែរឯកឧត្តម ក៏បានសំណូមពរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវគ្រប់គ្រងសហគមន៍ព្រៃឈើឡើងវិញ ឲ្យបានម៉ត់ចត់ជាទីបំផុត គ្រប់សហគមន៍ព្រៃឈើ ព្រោះប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា អ្នកការពារព្រៃឈើ សហគមន៍ខ្លួនឯងជាអ្នកកាប់ឈើ ហើយយកដីទៅលក់ទៀត នេះជាបញ្ហាគ្រោះថ្នាក់បំផុត សូមស្រង់ឈ្មោះសហគមន៍ កុំឲ្យមានឈ្មោះលើក្រដាសបាត់បង់ព្រៃ បាត់បង់ដី និងសំណូមពរដល់ មន្ទីរអង្គភាពទាំងអស់ចូលរួម ដាំដើមឈើតាមអង្គភាព ទីសាធារណៈ តាមដងផ្លូវ ហើយធ្វើជាគំរូដល់ប្រជាពលរដ្ឋ ចេះសម្អាតបរិស្ថាន កុំអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ឲ្យសោះ។
ចុងក្រោយឯកឧត្តម អភិបាលខេត្ត បានធ្វើការប្តេជ្ញាចូលរួមថែរក្សាការពារ និងដាក់ទណ្ឌកម្មចំពោះអ្នកដែលកាប់បំផ្លាញព្រៃឈើ។ ក្នុងកម្មវិធីនេះមានការចែកជូននូវសម្ភារដល់សិស្ស ដែលបានចូលរួមចំនួន ៥៣នាក់ ដោយក្នុងម្នាក់ៗទទួលបានសៀវភៅ ប៊ិច និង ថវិកា ៥០០០រៀល ផងដែរ ៕