រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម វង្សី វិស្សុត អញ្ជើញចូលរួមក្នុងពិធីបិទការប្រណាំងទូក ង នៅខេត្តកំពង់ធំ និងប្រគល់រង្វាន់ដល់កីឡាករជ័យលាភី

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី អញ្ជើញចូលរួមផ្តល់ជាកិត្តិយស ក្នុងពិធីប្រណាំងទូក ង នៅខេត្តកំពង់ធំ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយនៃការប្រណាំងទូក ង នៅខេត្តកំពង់ធំ ដែលបានប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៦-១៧ ខែតុលា ឆ្នាំ២០២៤ នៅតាមដងស្ទឹងសែន។

ឯកឧត្តម នួន ផារ័ត្ន បានរាយការណ៍អំពីលទ្ធផលនៃការប្រណាំងទូក អស់រយៈពេលពីរថ្ងៃកន្លងទៅនេះ ដែលទូកចូលរួមប្រណាំងមានចំនួន ៦៦ទូក ក្នុងនោះទូកខ្នាតវែង មានចំនួន ០៩ទូក ទូកខ្នាតអន្តរជាតិ ចំនួន ៤១ទូក និងទូកផ្កាចារ ចំនួន ១៦ទូក កីឡាករសរុបចំនួន ២,០៨០នាក់ ក្នុងនោះកីឡាករបម្រុង ចំនួន ៣៧៣នាក់ និងបានថ្លែងអំណរគុណចំពោះឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីព្រមទាំងឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ទីប្រឹក្សាឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូន ប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករ អង្គការសង្គមស៊ីវិល សប្បុរសជនទាំងអស់ ដែលជានិច្ចកាល តែងតែបានជួយឧបត្ថម្ភគាំទ្រដល់ពិធីប្រណំាងទូក នៅក្នុងខេត្តកំពង់ធំ។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះដែរឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្ដីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ បានប្រគល់ជ័យលាភី និងថវិកា ជូនដល់ទូកតាមចំណាត់ថ្នាក់ដូចខាងក្រោម៖
*១.ទូកវែងបុរស៖
ផែនលេខ១ ទទួលបានថវិកា ៤.០០០.០០០រៀល
ផែនលេខ២ ទទួលបានថវិកា ៣.០០០.០០០រៀល
ផែនលេខ៣ ទទួលបានថវិកា ២.០០០.០០០រៀល។
*២.ទូកវែងនារី៖
ផែនលេខ១ ទទួលបានថវិកា ៤.០០០.០០០រៀល
*៣. ទូកខ្នាតអន្តរជាតិបុរស៖
ផែនលេខ១ទទួលបានថវិកា ១.៨០០.០០០រៀល
ផែនលេខ២ ទទួលបានថវិកា ១.២០០.០០០រៀល
ផែនលេខ៣ ទទួលបានថវិកា ៨០០.០០០រៀល។
*៤.ទូកខ្នាតអន្តរជាតិនារី៖
ផែនលេខ១ ទទួលបានថវិកា ១.៨០០.០០០រៀល។
*៥.ទូកផ្កាចារបុរស៖
ផែនលេខ១ ទទួលបានថវិកា ១.២០០.០០០រៀល
ផែនលេខ២ ទទួលបានថវិកា ៨០០.០០០រៀល
ផែនលេខ៣ ទទួលបានថវិកា ៦០០.០០០រៀល។
*៥.ទូកផ្កាចារនារី៖
ផែនលេខ១ ទទួលបានថវិកា ១.២០០.០០០រៀល
ផែនលេខ២ ទទួលបានថវិកា ៨០០.០០០រៀល។ ក្រៅពីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានប្រកាសឧបត្ថម្ភថវិកាដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការរៀបចំការប្រណាំងទូកនេះដែរ។

សូមបញ្ជាក់ថា ពិធីប្រណាំងទូកខេត្តកំពង់ធំ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ តាមដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្រៅពីការប្រណាំងទូក ក៏មានកម្មវិធីបណ្តែតប្រទីប ការបង្ហោះគោម ការបាញ់កាំជ្រួច ការប្រគុំតន្រ្តី ការដាក់លក់ផលិតផល និងម្ហូបអាហារជាច្រើនប្រភេទផងដែរ។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post