(រដ្ឋបាលខេត្តកំពង់ធំ): សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្ដល់ស្រូវពូជប្រមាណជាង ៥០តោន តាមរយៈអាជ្ញាធរខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់នៅក្រុងស្ទឹងសែន ដែលជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញបានចំនួន ៥៥៣គ្រួសារ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា សម្រាប់ក្រុងស្ទឹងសែនឆ្នាំនេះ ទទួលរងនូការខូចខាតដំណាំស្រូវប្រមាណជាង ៤ពាន់ហិចតា។ ហើយការខូចខាតដំណាំស្រូវនេះ ដោយមានការយល់ចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចអធិបតីបានផ្ដល់ស្រូវពូជប្រមាណជាង ៥០តោន សម្រាប់យកមកចែកជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ទោះបីវាមិនអាចគ្រប់ទៅតាមអ្វីនូវការខូចខាតប៉ុន្តែវាអាចរួមចំណែកសំរាលនូវការទុក្ខលំបាកមួយផ្នែករបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត។
ឯកឧត្តមអភិបាលខេត្ត បន្តទៀតថា នៅថ្ងៃខាងមុខ អ្វីដែលសំខាន់សម្រាប់ក្រុងស្ទឹងសែន គឺសម្ដេចអធិបតី បានឲ្យក្រសួងធនធានទឹក បង្កើនល្បឿននៅក្នុងការធ្វើទំនប់ទាក់ទឹកនៅកំពង់គោ និងស្ទឹងស្លាប់ នៅពេលដែលទំនប់ស្ទាក់ទឹកកំពង់គោ និងស្លាប់រួច យើងអាចគ្រប់គ្រងទឹកនៅក្នុងដងស្ទឹងសែននេះ មានភាពល្អប្រសើរជាងមុន។ បងប្អូនប្រជាពលរដ្ឋ មានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់បង្ករបង្កើនផល និងកាត់បន្ថយការលិចលង់ស្រូវរបស់បងប្អូន។
ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេលជាង ២ឆ្នាំទៀត ទើបសាងសង់ទំនប់ស្ទាក់ទឹកក្នុងក្រុងស្ទឹងសែនរួចរាល់ យើងអាចរក្សាទឹកបានគង់វង្ស ហើយជាពលរដ្ឋបង្កើតបង្កើនផលមិនខ្វះទឹកស្រោចស្របដំណាំស្រូវទៀតនោះទេ។
លើសពីនេះទៀត រាជរដ្ឋាភិបាល បានទិញស្ថានីយ៍បូមទឹកទាំង ១៤ស្ថានីយ៍ តាមដងស្ទឹងសែន យកមកគ្រប់គ្រងវិញដើម្បីបន្ថយតម្លៃថ្លៃទឹក ជូនបងប្អូនប្រជាកសិករ ក្នុងតម្លៃមួយដែលយើងចរចាអាចទទួលយកបាន។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន