(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងលោក លោក លី ពេជ្រវីរៈ ជាប្រធានថ្មីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ជំនួសលោក សុខ សុផល ដល់អាយុចូលនិវត្តន៍ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សឹង រេត អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ជីវិតជាមន្ត្រីរាជការ គឺតែងតែមានផ្លាស់ប្តូរជាបន្តបន្ទាប់ មុខតំណែង គឺមិនមានប្លង់កម្មសិទ្ធនោះទេ។ នៅពេលនេះ លោក លី ពេជ្រវីរៈ ត្រូវបានតែងតាំងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក៏ជាអ្នកបន្តវេនដឹកនាំអង្គភាពនេះឱ្យមានការរីកចម្រើន ដូច្នេះត្រូវរៀនសូត្របន្ថែមពីរៀមច្បងជំនាន់មុន អ្វីដែលជាចំណុចល្អ និងកែលម្អអ្វីដែលជាចំណុចខ្វះខាត ត្រូវរក្សាសមិទ្ធផលចាស់ និងបង្កើនសមិទ្ធផលថ្មី ដើម្បីឲ្យវឌ្ឍនភាពការងារនៅក្នុងអង្គភាពមានការរីកចម្រើនតទៅមុខ។ លើសពីនេះទៀត ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីធានាសាមគ្គីភាពផ្ទៃក្នុងនេះ ត្រូវមានរបបប្រជុំជីវភាពឱ្យបានញឹកញ៉ាប់ សមូហសភាពដឹកនាំ តែបុគ្គលជាអ្នកទទួលខុសត្រូវ មតិភាគតិច ត្រូវគោរពតាមមតិភាគច្រើន។ ប្រធានអង្គភាពថ្មីត្រូវ កសាងស្នាដៃ និងកសាងកិត្តិយសសម្រាប់អង្គភាព ខ្លួនឯង និងក្រុមគ្រួសារ។
ឯកឧត្តមបណ្ឌិត សឹង រេត បានលើកទឹកចិត្តដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បណ្តុះវប្បធម៌រៀនសូត្រ និងស្វ័យសិក្សាជាប់ជាប្រចាំ ដើម្បីបង្កើន និងធ្វើបច្ចុប្បន្នកម្មចំណេះដឹង ជំនាញ បំណិនការងារ និងនវានុវត្តន៍ សំដៅលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពការងាររបស់ស្ថាប័ន។ លើសពីនេះទៀតសូមថ្នាក់ដឹកនាំ និងមន្ត្រីទាំងនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំទ្រលោក លី ពេជ្រវីរៈ ជាប្រធានមន្ទីរ និងសហការធ្វើការធ្វើការងារឱ្យបានល្អ ខិតខំបំពេញតួនាទី, ភារកិច្ច, និង បេសកកម្មរៀងៗខ្លួនយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព និងមានប្រសិទ្ធភាព ។
លោក លី ពេជ្រវីរៈ ប្រធានថ្មីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានធ្វើការប្តេជ្ញាបន្តពង្រឹងសាមគ្គីភាព និង ការសហការល្អ ជាមួយអង្គភាពទាំងអស់ក្រោមឱវាទ នៅក្នុងខេត្តកំពង់ធំ ដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យកាន់តែរីកលូតលាស់ និងរឹងមាំ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជននៃខេត្តកំពង់ធំទាំងមូល។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន