ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវ ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវតែមានការយល់ដឹង ពីការបង្ការ និងពន្លត់អគ្គីភ័យ គឺជាករណីកិច្ចគ្រប់ស្ថាប័ន អង្គភាព អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងជនគ្រប់រូប ដែលទាំងអស់គ្នាចាំបាច់ត្រូវមានស្មារតីប្រុងប្រយ័ត្ន កុំឲ្យកើតមានអគ្គីភ័យ និងត្រូវចូលរួមជួយគ្នាពន្លត់ នៅពេលមានអគ្គិភ័យកើតឡើង ថ្លែងក្នុងពិធីប្រារព្វទិវាជាតិបង្ការ និងពន្លត់ អគ្គីភ័យលើកទី០១ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលប្រារព្ធឡើងនៅបរិវេណស្តាតចាស់ភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០១៧។ លោកឧត្តមសេនីយ៍ទោ ជូ សំអាន ស្នងការខេត្តកំពង់ធំបានឲ្យដឹងថា ការគ្រោះថ្នាក់ដោយសារអគ្គីភ័យ មានការកើនឡើងបើធៀបក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៥ គឺមានចំនួន៥៣លើក/៤១លើក (កើនឡើង១២លើកស្មើ២២,១៦ %) ដែលបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ ៥៦ខ្នង ឆេះតូប ៣ខ្នង ឆេះរថយន្ត០១គ្រឿង ឆេះម៉ូតូ៤ គ្រឿង ឆេះគោយន្តកន្ត្រៃយ៍ ២គ្រឿង ឆេះប្រាក់រៀល អស់ចំនួន ១៩៩លានរៀល និងប្រាក់ដុល្លា ៥,៦៥០ ដុល្លា ព្រមទាំងសម្ភារៈផ្សេងៗជាច្រើនទៀត។ ករណីដែលបណ្តាលឲ្យមានអគ្គិភ័យកើតឡើងមាន កត្តាភ្លើងចង្ក្រាន ៣៥,២៥ % កត្តាឆ្លងចរន្តអគ្គីសនី ១០៥៥% កត្តាធ្វេសប្រហែស ២៥,១៥ % និងកត្តាមូលហេតុផ្សេងៗមាន ២៩,០៥%។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ការប្រារព្វទិវានេះឡើង គឺសំដៅរំលឹកឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ មានការយល់ដឹង និងចង់ចាំថា អគ្គីភ័យ គឺគ្រោះថ្នាក់កាចសាហាវមួយ ដែលអាចបំផ្លេចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋបានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ឬមិនប្រុងប្រយ័ត្ននោះទេ។ ឯកឧត្តម បានបន្ថែមថា ថ្វីត្បិតតែនៅខេត្ត មិនមានអគារ ឬសំណង់សម្បូរដូចនៅរាជធានី និងតាមបណ្តាខេត្តផ្សេងក៏ដោយ ប៉ុន្តែអគ្គីភ័យនៅតែមាន ដោយឡែកសូម្បីតែវាលស្មៅ ក៏បង្ករឲ្យភ្លើងឆេះជារៀងរាល់ឆ្នាំ ដូច្នេះ បញ្ហាអគ្គីភ័យនេះ គឺទាមទារឲ្យប្រជាពលរដ្ឋ ត្រូវតែចូលរួមឲ្យបានគ្រប់គ្នា ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាតអគ្គីភ័យឲ្យបាន ជាពិសេស អង្គភាពជំនាញ ត្រវចូលរួមផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ គ្រឹះស្ថានសាធារណៈ និងឯកជន ត្រូវរៀបចំឲ្យមានក្រុមបង្ការនិងពន្លត់អគ្គិភ័យ ដោយមានឧបករណ៍ សំភារៈចំាបាច់មួយចំនួន។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម សូមសម្តែងនូវការសោកស្តាយជាអនេក និងសូមចូលរួមនូវទុក្ខក្រៀមក្រំជាមួយប្រេជាពលរដ្ឋយើងទាំងអស់ ដែលទទួលរងគ្រោះដោយសារអគ្គីភ័យរយៈពេលកន្លងមក និងសម្តែងនូវអំណរគុណដោយស្មោះស្ម័គ្របំផុតចំពោះមន្ត្រីនគរបាលបង្ការ និងពន្លត់អគ្គីភ័យទូទាំងខេត្ត ដែលកន្លងមកនេះបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ទោះជាត្រូវប្រឈមនិងឧបសគ្គ គ្រោះថ្នាក់យ៉ាងណាក៏ដោយ បងប្អូនបានពុះពារពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយទទួលបាននូវការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល គិតគូរជាប្រចាំចំពោះកិច្ចការ បង្ការ និងពន្លត់អគ្គីភ័យ និងបានដាក់ចេញនូវវិធានការជាច្រើន ទាក់ទងនិងការអប់រំយល់ដឹងច្បាប់ និងគ្រោះមហន្តរាយបណ្តាលមកពីអគ្គីភ័យ ការពង្រឹងស្ថាប័នមានសមត្ថកិច្ចគ្រប់ផ្នែក និងការបំពាក់ឧបករណ៍ មធ្យោបាយ សម្ភារៈពន្លត់អគ្គីភ័យ ដូចដែលរបាយការណ៍របស់ស្នងការនគរបាលខេត្តបានជម្រាបជូនហើយ ក្នុងឆ្នាំ ២០១៦កន្លងមក រាជរដ្ឋាភិបាលបានដាក់បញ្ជាទិញរថយន្តពន្លត់អគ្គីភ័យចំនួន ២០០គ្រឿងបន្ថែមទៀត ក្នុងនោះសម្រាប់ស្នងការនគរបាលខេត្តកំពង់ធំទទួលបាន ០៤គ្រឿងបន្ថែម ដើម្បីជួយសង្គ្រោះដល់គ្រោះអគ្គីភ័យអោយបានទាន់ពេលវេលា។ ឯកឧត្តម បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវបង្កើនវិធានការអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មចូលរួមក្នុងចលនាបង្ការ និងពន្លត់អគ្គីភ័យនៅមូលដ្ឋានដូចជា៖ ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទាន ធូប ភ្លើងសំរាម ភ្លើងព្រៃ បារី រំសេវ កាំជ្រួច ប្រេងឥន្ធនៈ ចរន្តអគ្គិសនី ឧស្ម័នចំហេះ សារធាតុគីមី និងវត្ថុដែលងាយឆេះ និងងាយផ្ទុះឆេះ។ គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវមានបំពាក់ឧបករណ៍ពន្លត់អគ្គីភ័យ។
ឯកឧត្តម បានសំណូមពរដល់សាធារណៈទំាងអស់ ត្រូវគោរព និងអនុវត្តតាមបទដ្ឋានបច្ចេកទេសអំពីការ សាងសង់លំនៅដ្ឋាន ការប្រើប្រាស់ចរន្តអគ្គិសនី ឧស្ម័នចំហេះ និងសារធាតុងាយឆេះ ជាដើម។