(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនអតីតយុទ្ធជនចំនួន ៦៥គ្រួសារ ដែលគ្មានដី គ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យលើដីសាធារណៈ ដែលពិធីនេះប្រព្រឹត្តទៅនៅ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តម នួន ផារ័ត្ន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលជាអ្នកធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។ ជាមួយនោះដែរឯកឧត្តម នួន ផារ័ត្ន ក៏បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំប្រឹងប្រែងពុះពារនូវរាល់ការលំបាកផ្សេងៗ ដើម្បីបម្រើដល់ក្រុមគ្រួសារអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ បានល្អប្រសើរ។
ឯកឧត្តម នួន ផារ័ត្ន បានផ្ដាំផ្ញើដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ សូមខិតខំថែរក្សាសុខភាពឱ្យបានល្អ ការរស់នៅលើដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ត្រូវខិតខំដាំដុះបង្កបង្កើនផល ចិញ្ចឹមសត្វដោះស្រាយជីវភាពគ្រួសារឲ្យបានល្អប្រសើរ ។ បន្ទាប់មកបងប្អូនអតីតយុទ្ធជនដែលមានការខ្វះខាតទាំង ៦៥គ្រួសារ បានដំណើរការចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិចតា និងផ្ទះថ្មីមួយខ្នង ព្រមទាំងបានទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្ដីអំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងអតីតយុទ្ធជននៅទូទាំងខេត្ត និងការរៀបចំដីសម្បទានសង្គមកិច្ច និងការសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅ បានចំនួន៣៨៧ខ្នងផ្ទះ រួចមកហើយ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងនោះសាងសង់នៅលើដីសម្បទានសង្គមកិច្ចបានចំនួន១៤១ខ្នងផ្ទះ និងនៅតាមមូលដ្ឋាននានាទូទាំងខេត្តបានចំនួន ២៤៦ខ្នងផ្ទះ ។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន