រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចែកអំណោយជូនដល់គ្រួសារមានជីវភាពខ្វះខាត ចំនួន ២០០គ្រួសារ ស្រុកប្រាសាទសំបូរ

(រដ្ឋបាលខេត្តកំពង់ធំ)÷ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចែកជូនដល់មុខសញ្ញាជាជនងាយរងគ្រោះតាមសហគមន៍ ជាគ្រួសារអតីយុទ្ធជន និងជនរងគ្រោះដោយធម្មជាតិ មានជីវភាពខ្វះខាត ដែលមកពីឃុំគោល និងឃុំឈូក ស្រុកប្រាសាទសំបូរ ចំនួន ២០០គ្រួសារ នៅបរិវេណសាលាស្រុកប្រាសាទសំបូរ។

ឯកឧត្តម នួន ផារ័ត្ន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល សម្ដេចតែងតែបានគិតគូរយកចិត្តទុកដាក់អំពីសុខមាលភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាត្រូវជ្រើសរើសមុខសញ្ញាឱ្យបានចំគោលដៅពិតប្រាកដ សំដៅធានាបានការចែកអំណោយនេះពិតឆ្លើយតបបាននូវការខ្វះខាតពិតប្រាកដ មានតម្លាភាព ។

ឯកឧត្តមបន្តថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ ថ្វីត្បិតតែអំណោយមនុស្សធម៌ទាំងនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ ដែលកំពុងត្រូវការជាចាំបាច់នូវស្បៀងអាហារ ផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តម នួន ផារ័ត្ន សំណូមពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ មេត្តាជួយតាមដាន អប់រំ ណែនាំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀន និងក្មេងទំនើង និងសូមចូលរួមសហការ តាមរយៈការជួយផ្ដល់ព័ត៌មាន មកសមត្ថកិច្ច​ក្នុងករណីបានដឹងថា មានបទល្មើសគ្រឿងញៀន ឬក្មេងទំនើងកើតឡើង ក្នុងមូលដ្ឋាន។

ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ដោយសារតែបច្ចុប្បន្នអាកាសធាតុ មានការប្រែប្រួល និងមានខ្យល់ត្រជាក់នៃរដូវរងារ បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សវ័យចំណាស់ ត្រូវចេះការពារ និងថែរក្សាសុខភាពឱ្យបានល្អ នារដូវត្រជាក់នេះ ជៀសវាងជំងឺដង្កាត់ ដែលអាចកើតមានជាយថាហេតុ។
.
គួរបញ្ជាក់ផងដែរថា សម្រាប់អំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋទាំង២០០គ្រួសារ នៅពេលនេះ ក្នុង ១គ្រួសារទទួលបាននូវ៖ អង្ករ ត្រីខ ភួយ ទឹកស៊ីអ៊ីវ និងឃីតផងដែរ។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post