នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាឃុំតាំងក្រសាំង អាណត្តិទី៤ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។
ក្នុងឱកាសនេះដែរ លោក យ៉ូវ សេងគុណ នាយករងរដ្ឋបាលខេត្តកំពង់ធំ បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការតែងតាំងសមាជិកក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ទីមួយ ជំទប់ទីពីរ នៃឃុំតាំងក្រសាំង ។ បន្ទាប់ពីអានប្រកាសរួច លោក លន ស៊ីផាន មេឃុំអាណត្តិទី៣ បានធ្វើការអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារដែលសម្រេចបានក្នុងអាណត្តិរបស់លោក ។ ក្រោយពីការអានរបាយការណ៍សង្ខេបរួចមក ឯកឧត្តម សុខ លូ បានប្រគល់ប្រកាសស្តីពីការតែងតាំងសមាជិកក្រុមប្រឹក្សាអាណត្តិទី៤ ព្រមទាំងប្រគល់ត្រាជូនទៅមេឃុំដែលត្រូវទទួលតំណែងក្នុងអាណត្តិទី៤នេះផងដែរ ។
ក្រោយពីទទួលបានប្រកាសតែងតាំង និងត្រាឃុំតាំងក្រសាំងរួចមក លោក នី សុវណ្ណ បានធ្វើការប្តេជ្ញាចិត្តដឹកនាំឃុំតាំងក្រសាំងឲ្យមានការអភិវឌ្ឍន៍ជាបន្តទៅមុខបន្ថែមទៀត ។
បន្ទាប់ពី លោក នី សុវណ្ណ ដែលជាមេឃុំថ្មីរបស់ឃុំតាំងក្រសាំងប្តេជ្ញាចិត្តរួច ឯកឧត្តម សុខ លូ បានអបអរសាទរ ចំពោះក្រុមប្រឹក្សាឃុំដែលទើបជាប់ថ្មី និងបានធ្វើការណែនាំមួយចំនួនស្តីពីកិច្ចការរបស់ក្រុមប្រឹក្សាឃុំថ្មី ដែលទើបចូលកាន់តំណែង នូវប្រសាសន៍ទៅក្រុមប្រឹក្សាថ្មីថា «ប្រជាពលរដ្ឋបានបោះឆ្នោតជូនយើងឲ្យដឹកនាំឃុំ និងអភិវឌ្ឍន៍ឃុំហើយ ដូចនេះក្នុងនាមយើងជា ប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ ត្រូវខិតខំប្រឹងប្រែង បម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានរបស់យើងឲ្យរីកចម្រើន» ។
គួររំលឹកផងដែរថា គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល គឺជាយន្តការមួយដើម្បីឲ្យឃុំ សង្កាត់ មានដំណើរការបែបប្រជាធិបតេយ្យ ក្នុងគោលដៅលើកកំពស់អភិបាលកិច្ចល្អក្នុងមូលដ្ឋាន ។ គោលនយោបាយនេះមានគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈ ការផ្តល់សេវាសង្គម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំសង្កាត់ ។ ត្រង់ចំណុចនេះ ឯកឧត្តម សុខ លូ ក៏បានបញ្ជាក់ផងដែរថា «ប្រជាពលរដ្ឋបោះឆ្នោតជូនយើងដើម្បីឲ្យអភិវឌ្ឍន៍ ដូចនេះក្នុងនាមយើងជាក្រុមប្រឹក្សាឃុំសង្កាត់ យើងត្រូវអភិវឌ្ឍន៍ដោយគិតប្រយោជន៍រួម ដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទទួលសេវាសាធារណៈនានា ក៏ដូចជាការប្រកបរបររកស៊ី ដើម្បីឲ្យជីវភាពប្រជាពលរដ្ឋយើងធូធារផងដែរ» ឯកឧត្តមក៏បានបន្ថែមទៀតថា «ឃុំ-សង្កាត់ ជាផ្នែកមួយនៃអំណាចប្រតិបត្តិរបស់រដ្ឋ ដូចនេះ ឃុំសង្កាត់ មានតួនាទី អនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ញត្តិនានាដែលមានជាធរមាន ជាពិសេសច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ។ ដូចនេះសមាជិកក្រុមប្រឹក្សាដែលទើបជាប់ថ្មីត្រូវស្វែងយល់អំពីច្បាប់នេះ ដើម្បីដឹកនាំអភិវឌ្ឍន៍ឃុំតាំងក្រសាំងនេះឲ្យរីកចម្រើន»។
ឯកឧត្តមបានបញ្ជាក់ផងដែរថា ការអភិវឌ្ឍន៍អាចទៅរួចលុះត្រាតែមានធនធានមនុស្ស ប៉ុន្តែគួរឲ្យសោកស្តាយដែលធនធានមនុស្សរបស់ពួកយើងត្រូវបានបាត់បង់ស្ទើសូន្យក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមអំពីធនធានមនុស្សនេះផងដែរថា «ការបណ្តុះធនធានមនុស្ស មិនមែនស្រួលដូចការបណ្តុះកូនឈើនោះទេ យើងត្រូវប្រើរយៈពេលយូរដើម្បីបណ្តុះបណ្តាល ។ ដោយសារតែខ្វះធនធានមនុស្សនេះហើយ ទើបការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ មិនអាចផ្ទេរការងារមកថ្នាក់ក្រោមជាតិ ដោយប្រថុយប្រថានបានទេ គឺត្រូវតែសិក្សាសាកល្បងយ៉ាងច្បាស់លាស់» ។
នាឱកាសនេះឯកឧត្តម សុខ លូ ក៏បានរំលឹកអំពីកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ របស់ក្រុមប្រឹក្សាឃុំចាស់ និងក្រុមប្រឹក្សាឃុំថ្មីដែលទើបចូលកាន់ដំណែង និងបញ្ជាក់អំពីនិតិវិធីនៃការប្រកាសទ្រព្យសម្បត្តិផងដែរ ។
ចុងបញ្ចប់ឯកឧត្តម បានផ្តាំផ្ញើដល់លោក លោកស្រី ដែលទើបបានជាប់ឆ្នោតថ្មី និងជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងអាណត្តិទី៤ សូមមានឆន្ទៈខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ ទាំងកម្លាំងប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ត ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន ជាពិសេសត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងកិច្ចការរបស់ខ្លួន ៕