រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំពេញអង្គ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ លើកទី១ ឆ្នាំ២០១៧ នៅរមណីយដ្ឋានបឹងសំរិទ្ធ

ព្រឹក​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ បានរៀបចំ​នូវ​កិច្ចប្រជុំពេញអង្គ​លើកទី១ ឆ្នាំ២០១៧ ក្រោម​អធិបតីភាព​ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​ឯកឧត្តម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត លី ប៉ូ​រ អនុប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅ​រមណីយដ្ឋាន​បឹង​សំរិទ្ធ ស្ថិតនៅ​ភូមិ​បឹង​សំរិទ្ធ ឃុំ​បល្ល័ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ និង​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ​តាម​បណ្តា​ក្រសួង ស្ថាប័ន សមាជិក​គណៈកម្មាធិការ​ប្រយុទ្ធ​ជំងឺអេដស៍ លោក លោកស្រី​មកពី​មន្ទីរ​អង្គភាព​ជាប់ពាក់ព័ន្ធ​ជុំវិញ ខេត្ត​ប្រមាណ​ជាង ២០០នាក់ ។

ឯកឧត្តម​វេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ អាន​របាយការណ៍​សង្ខេប​ពី​គោលបំណង​ក្នុង​កិច្ចប្រជុំ ពិនិត្យ និង​ស្តាប់​នូវ​លទ្ធផល​ដែល​កំពុង​អនុវត្ត​សម្រាប់ ៦ខែ ក្នុង​ឆ្នាំ ២០១៧ រៀបចំ​សកម្មភាព​ជា​អទិភាព ដើម្បី​អនុវត្ត​ការងារ ៦ខែ ជាបន្តបន្ទាប់ និង​ពិនិត្យ​រាល់​ឧបសគ្គ​នានា ដែល​រាំងស្ទះ​នូវ​បញ្ហា​ថវិកា​ដែលជា​បញ្ហា​ចំបង ហើយ​ធ្វើយ៉ាងណា​ឲ្យ​មានការ​ឯកភាពគ្នា​ក្នុងការ​រៀបចំ​សកម្មភាព​សំខាន់ៗ ដើម្បី​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ក្នុងការ​រៀបចំ​កញ្ចប់​ថវិកា ព្រោះ​កញ្ចប់​ថវិកា​នេះ ជា​ជំនួយ​ពី​ខាងក្រៅ​ហើយ​ត្រូវបាន​កាត់បន្ថយ​ជាបន្តបន្ទាប់ ។

ថ្លែង​ក្នុង​ពិធី​នេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍​លើកឡើងថា ខេត្តកំពង់ធំ មាន​ក្រុមការងារ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ពី​ថ្នាក់​ខេត្ត រហូតដល់​ថ្នាក់ស្រុក ក្រុង និង​ឃុំ សង្កាត់ ព្រមទំាង​មាន​អង្គការ​ដៃគូ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ក្រុមការងារ​ថែទំា​ព្យាបាល​បន្ត​មួយចំនួនទៀត ។ រីឯ​សកម្មភាព​អប់រំ ផ្សព្វផ្សាយ​អំពី​ជំងឺអេដស៍ ទាមទារ​ឲ្យ​មានការ​ចូលរួម​ពហុ​វិស័យ ហើយ​មន្ទីរ​អង្គភាព ត្រូវ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ក្នុងការ​ងារ​នេះ ។ ចំពោះ​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជំងឺអេដស៍ ត្រូវបាន​ទទួលបាន​ការថែទាំ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ ។ ឯកឧត្តម​បន្ថែមទៀតថា ដើម្បី​ឈានទៅ​សម្រេច​នៅ​គោលដៅ ក្នុងនាម​ខ្ញុំ​ជា​អាជ្ញាធរខេត្ត ខ្ញុំ​នឹង​ខិតខំ​ជំរុញ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​សកម្មភាព​នានា ក្នុងការ​ប្រយុទ្ធប្រឆំាង​នឹង​ជំងឺអេដស៍ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ និង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ។

ឯកឧត្តម​បាន​បន្តថា​កិច្ចប្រជុំ​ពិតជា​មាន​សារៈសំខាន់​ណាស់​ដែល​ផ្តល់​ទៅដល់​ក្រុមការងារ​បច្ចេកទេស អាចយ​ក​ទៅប្រើ​ប្រាស់​ក្នុងការ​បន្ត​អនុវត្ត ឆ្លើយតបទៅនឹង​ការរីក​រាលដាល​នៃ​មេរោគ​អដស៍ និង​ជំងឺអេដស៍​រយៈពេល ៦ខែ ចុងឆ្នាំ២០១៧ ។ ដោយមាន​ការបង្ហាញ ពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ ពី​បណ្តា​សមាជិក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ប្រទេស​កម្ពុជា​បាន​ដើរ​នៅ​ផ្លូវ​ដ៏​ត្រឹមត្រូវ និង​មាន​ក្តីសង្ឃឹម​ពិតប្រាកដ​ឆ្ពោះទៅរក​ការលុបបំបាត់​ជំងឺអេដស៍ នៅ​ឆ្នាំ២០២៥ ដោយមាន​ការប្តេជ្ញាចិត្ត និង​ការគាំទ្រ​នយោបាយ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែលមាន​ចីរភាព​នៃ​ការចូលរួម​ឆ្លើយតប​យ៉ាង​ទូលំទូលាយ និង​ពហុ​វិស័យ​ប្រយុទ្ធ​ទៅនឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ពី​គ្រប់​ស្ថា​ប័ណ្ណ​ជាតិ អន្តរជាតិ សង្គម​ស៊ីវិល ឯកជន បណ្តាញ​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជំងឺអេដស៍ ។

មានប្រសាសន៍​សំណេះ​សំណាល​នាឱកាស​នោះ ឯកឧត្តម អៀង មូលី បាន​កោតសរសើរ ដល់​ក្រុមការងារ​ដែល​បានការ​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ចូលរួមចំណែក​ដឹកនាំ គ្រប់គ្រង សម្របសម្រួល និង​ឆ្លើយតប​យ៉ាង​ទូលំទូលាយ ក្នុង​ពហុ​វិស័យ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​បានធ្វើ​ឲ្យ​យើង​ទទួលបាន​នូវ​ភាពជោគជ័យ ប្រកបដោយ​មោទនភាព ក្នុង​រយៈពេល ៦ខែ​នា​ដើមឆ្នាំ២០១៧កន្លងមកនេះ ។ ក្នុង​យុទ្ធនាការ​យ៉ាង​ទៀងទាត់​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ជម្ងឺ​អេដស៍ យើង​បានធ្វើការ​ប្រជុំ​យ៉ាង​ទៀងទាត់​រាល់៦ខែម្តង ក្នុង​គោលបំណង​ពិនិត្យមើល​រួមគ្នា នូវ​វឌ្ឍនភាព សមិទ្ធិផល និង​ប្រសិទ្ធភាព​នៃ​ការឆ្លើយតប​របស់​ជាតិ នៃ​កម្មវិធី​ប្រយុទ្ធប្រឆាំង​ជម្ងឺ​អេដស៍ និង​ផ្លាស់ប្តូរ​យោបល់ បង្កើន​នូវ​យុទ្ធសាស្រ្ត​ថ្មីៗ លើ​ចំណុច​ខ្វះខាត​មួយចំនួន ។ មួយវិញទៀត​សកម្មភាព​ដែល​ពួកយើង​ទាំងអស់គ្នា​កំពុង​ធ្វើ​នេះ គឺជា​សកម្មភាព​ដ៏​ត្រឹមត្រូវ​បំផុត ក្នុង​ស្មារតី​រួមចំណែក​ក្នុង​ក្តីសង្ឃឹម​ពិតប្រាកដ​ឆ្ពោះទៅរក​ការលុបបំបាត់​ជម្ងឺ​អេដស៍ នៅ​ឆ្នាំ២០២៥ ព្រមទាំង​មានការ​គាំទ្រ​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​កត្តា​គ្រប់គ្រាន់​មួយចំនួន គឺមាន​ចីរភាព​នៃ​ការចូលរួម​ឆ្លើយតប និង​ពហុ​វិស័យ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ ជម្ងឺ​អេដស៍ ពី​គ្រប់​ស្ថាប័ន​ជាតិ អន្តរជាតិ អង្កា​រស​ង្គម​ស៊ីវិល ឯកជន បណ្តាញ​អ្នក​ផ្ទុកមេរោគ អេដស៍ និង​ជម្ងឺ​អេដស៍ ដែល​ត្រូវការ​ដោះស្រាយ​តាម រយៈ​ការចូលរួម​របស់​ឯ​ឧត្តម លោកជំទាវ និង​វត្តមាន​របស់​អស់លោក លោ​កស្រី ៕

 

Related Post