ប្រាសាទសំបូរព្រៃគុក គឺជាកេរមរតកប្រវត្តិសាស្ត្រដែលបន្សល់ទុកនូវភស្តុតាងជាច្រើនដើម្បីបង្ហាញពីភាពអស្ចារ្យរបស់មនុស្សខ្មែរបុរាណ។ តើប្រាសាទសំបូរព្រៃគុកមានលក្ខណៈពិសេសអ្វីខ្លះ? តទៅនេះ ប្រិយមិត្ដនឹងបានជ្រាបប្រសាសន៍បកស្រាយរបស់លោកបណ្ឌិត ចិន្ត ច័ន្ទរតនាប្រធានមូលនិធិកេរដំណែលខ្មែរ ។
អស់ពេលប្រមាណពីរឆ្នាំមកហើយដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានដាក់សំណុំឯកសារស្តីពីប្រាសាទសំបូរព្រៃគុកទៅកាន់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ។
រហូតមកទល់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៦:៣៧នាទី ម៉ោងនៅទីក្រុង Krakow ប្រទេសប៉ូឡូញ ត្រូវនឹងម៉ោង ២១:៣៧នាទី ម៉ោងនៅភ្នំពេញ “តំបន់ប្រាសាទសំបូរព្រៃគុក” ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ ។
លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានមូលនិធិកេរដំណែលខ្មែរបានឲ្យដឹងថា ប្រាសាទសំបូរព្រៃគុកមិនមែនគ្រាន់តែជាមរតកប្រវត្តិសាស្រ្ដរបស់កម្ពុជានោះទេ ប៉ុន្ដែវាសាកសមណាស់ក្នុងការក្លាយជាមរតកប្រវត្តិសាស្ត្ររបស់ពិភពលោកទាំងមូល ។
មានកត្តាសំខាន់ៗមួយចំនួនដែលជំរុញឲ្យកម្ពុជាសម្រេចស្នើសុំដាក់ប្រាសាទសំបូរព្រៃគុកទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ។
លោក ចិន្ត ច័ន្ទរតនា បានថ្លែងថា ប្រាសាទសំបូរព្រៃគុកត្រូវបានកសាងឡើងនៅក្នុងសម័យចេនឡា ក្នុងចន្លោះសតវត្សទី៧ និងទី៨ ។ ក្រៅពីទាក់ទងទៅនឹងប្រវត្តិរបស់ប្រាសាទ ភាពចាស់ទ្រុឌទ្រោម និងការខូចខាតរបស់ប្រាសាទក៏តម្រូវឲ្យកម្ពុជាមានការព្រួយបារម្ភ និងត្រូវប្រញាប់ប្រញាល់ដែរក្នុងការដាក់សំណើទៅកាន់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ។
ក្រុមប្រាសាទសំបូរព្រៃគុកបានរងនូវការបាក់បែក និងបាត់បង់អស់ជាច្រើន ។ ប្រសិនបើប្រាសាទសំបូរព្រៃគុក ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ នោះគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនឹងបញ្ជូនអ្នកជំនាញបច្ចេកទេសមកធ្វើការអភិរក្ស និងជួយជួសជុល។
លោក ចិន្ដ ចន្ទរតនា បានបន្ថែមថា សារៈសំខាន់មួយទៀតនោះគឺ ភ្ញៀវទេសចរមកពីជុំវិញពិភពលោកនឹងមានការកើនឡើង ។
ម្យ៉ាងវិញទៀតប្រសិនបើប្រាសាទសំបូរព្រៃគុកត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នោះការសិក្សាស្រាវជ្រាវស្តីពីប្រាសាទនេះនឹងរឹងរឹតតែធ្វើឡើងបានល្អិតល្អន់ និងសុក្រឹតថែមទៀត ។
មានប្រាសាទរាប់រយប្រាសាទត្រូវបានរកឃើញនៅតំបន់ប្រាសាទសំបូរព្រៃគុក ។ លោក ចិន្ដ ច័ន្ទរតនា ថ្លែងថា ប្រាសាទសំបូរព្រៃគុកត្រូវបានបែងចែកជា៣ក្រុមធំៗ គឺក្រុមខាងជើង, ក្រុមកណ្តាល និងក្រុមខាងត្បូង ។
លោកបានបញ្ជាក់ថា ចំពោះប្រាសាទមួយចំនួនត្រូវបានដួលរលំរាបដល់ដី ប្រាសាទនៅបន្សល់តែទីទួលប៉ុណ្ណោះដូច្នេះហើយទើបអ្នកស្រាវជ្រាវនៅបន្តស្វែងរកប្រាសាទមួយចំនួនទៀតនៅទីនោះ ។
តំបន់ប្រាសាទសំបូរព្រៃគុកលាតសន្ធឹងលើផ្ទៃដីប្រមាណពី៥ទៅ៧គីឡូម៉ែត្រ ។ លោក ចិន្ដ ចន្ទរតនា បានថ្លែងថាជាការល្អប្រសើរប្រសិនមានការកំណត់ឲ្យបានច្បាស់លាស់ពីវិសាលភាពពិតប្រាកដនៃតំបន់សំបូរព្រៃគុក ៕ (អត្ថបទដកស្រង់និងកែសម្រួលពីវិទ្យុABCអូស្ត្រាលី)