ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មាធិការប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្សខេត្តកំពង់ធំ និងលេខាធិការដ្ឋាន គ.ខ.ប.ជ បានរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ របស់ខ្លួន ក្រោមអធិបតីភាព លោកជំទាវ ឃួន ឃុនឌី អភិបាលរងខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមមាន ពីបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត ។
ក្នុងកិច្ចប្រជុំនោះដែរ លោកជំទាវ ឃួន ឃុនឌី មានប្រសាសន៍លើកឡើងថា សូមឲ្យក្រុមការងាររបស់លេខាធិការដ្ឋាន គ.ខ.ប.ជ ទំាងអស់ ត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស និងវិធីសាស្ត្រធ្វើចំណាកស្រុកដោយសុវត្ថិភាព ដើម្បីធ្វើការអប់រំដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបានញឹកញាប់ និងបញ្ជ្រៀបឲ្យពួកគាត់មានការយល់ដឹងអំពីនិតិវិធី និងបញ្ហាផ្សេងៗ ក្នុងការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស គឺបងប្អូនត្រូវមានឯកសារគ្រប់គ្រាន់ និងទៅតាមរយៈក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ពីរាជរដ្ឋាភិបាល ។
ទន្ទឹមនឹងនោះ លោកជំទាវបន្តទៀតថា ថ្មីៗ រាជរដ្ឋាភិបាលប្រទេសថៃ បានបញ្ជូនពលករចំណាកស្រុកខុសច្បាប់មួយចំនួនមកស្រុកកំណើតរបស់ខ្លួន ដើម្បីធ្វើលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធដែលស្រប់ច្បាប់ ដើម្បីវិលត្រលប់ទៅធ្វើការនៅក្រៅប្រទេស ។ ជាពិសេសត្រូវផ្សព្វផ្សាយដល់បងប្អូន កុំឲ្យមានការចាញ់បោករបស់មេខ្យល់មួយចំនួន ដែលនាំពលករចំណាកស្រុកខុសច្បាប់ទៅធ្វើការនៅក្រៅប្រទេស ហើយត្រូវធ្វើការចំណាកស្រុកដោយស្របច្បាប់ និងសុវត្ថិភាព គឺត្រូវស្វែងយល់ពីក្រុមហ៊ុនឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើការនៅបរទេសមិនមានហានិភ័យពីការបោកប្រាស់របស់មេខ្យល់ កេងប្រវ័ញ្ចកំលំាងពលកម្ម ឬប្រើអំពើហឹង្សាជាដើម ។
ចុងបញ្ចប់លោកជំទាវ បានផ្តាំផ្ញើក្រុមលេខាធិការដ្ឋានទំាង ៦ក្រុម ត្រូវបន្តការខិតខំប្រឹប្រែងបន្តទៀត ដើម្បីចំណែកទប់ស្កាត់ការជួញដូរមនុស្ស ការចំណាកស្រុកដោយខុសច្បាប់ ហើយជាពិសេសនៅរៀងរាល់ដំណាច់ឆ្នាំ និងមានការប្រឡងប្រណំាងវាយតម្លៃដាក់ពិន្ទុនៅតាមបណ្តាខេត្តផ្សេងៗ ដូច្នេះ សូមសមាជិករបស់លេខាធិការដ្ឋានត្រូវខិតខំធ្វើការងារទំាងអស់គ្នា ដើម្បីជាមុខមាត់របស់ខេត្តយើងផងដែរ ៕