រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋនៅឃុំផាត់សណ្តាយ និងឃុំពាមបាង ខេត្តកំពង់ធំ មានទឹកមុខសប្បាយរីករាយដែលអាជ្ញាធរខេត្ត ផ្តល់ជូននៅដីសម្បទានសង្គមកិច្ច

ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារអង្គការ GIZ ដឹកនាំដោយលោកស្រី Lugera (លូហ្គឺរ៉ា) តំណាងស្ថានទូត អាឡឺម៉ង់ បានចុះជួបប្រជាពលរដ្ឋដែលរស់នៅលើទឹក ស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

នៅពិធីជួបសំណេះសំណាលនោះដែរ ដោយមានការសម្របសម្រួលពីលោកស្រី Lugera តំណាងស្ថានទូត អាឡឺម៉ង់ លោកស្រី Galliane តំណាងអង្កការសហប្រជាជាតិ អ្នកនាង ចាន់ សូរីយ៉ា តំណាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងលោក លី គឹមពាវ ប្រធានគម្រោង LASED II ថ្នាក់ខេត្ត ។

បន្ទាប់មកឯកឧត្តម ប្រាក់ សារ៉ាត់ បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា មានការរឹតបណ្តឹងការអនុវត្តច្បាប់នេសាទ ព្រោះត្រីនៅក្នុងទន្លេសាប ពីមួយឆ្នាំ ទៅមួយឆ្នាំមានការថយចុះជាបន្តបន្ទាប់ ជាពិសេសទន្លេសាបក៏កាន់តែរាក់ ការប្រកបមុខរបរនេសាទរបស់បងប្អូន ជួបនូវផលវិបាក ធ្វើឲ្យជីវភាពរបស់បងប្អូនមានការខ្វះខាត ដោយមើលឃើញពីបញ្ហានេះ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ កន្លងមកឯកឧត្តមអភិបាលខេត្តបានចុះមកធ្វើវេទិកាសាធារណៈ នៅក្នុងឃុំទំាងពីរនេះរួចមកហើយ និងបានដោះស្រាយបញ្ហាជាច្រើនជូនបងប្អូន ។

ក្នុងនោះឯកឧត្តម ក៏បានលើកអំពីការផ្តល់ដីសម្បទានសង្គមកិច្ច ជូនបងប្អូនដែលរស់នៅឃុំទំាងពីរនេះ ឲ្យទៅរស់នៅលើដីសម្បទានសង្គមកិច្ច ដែលមានទីតំាងស្ថិតនៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ហើយនៅទីតំាងដីសម្បទានសង្គមកិច្ចថ្មីនោះ គឺអាជ្ញាធរខេត្តកំពង់ធំ បានចាប់ដៃគូសហការជាមួយអង្កការ GIZ ដែលមានការគាំទ្រពីរដ្ឋាភិបាលអាឡឺម៉ង់ មកជួយបងប្អូននៅទីនោះ ដើម្បីបងប្អូន ទទួលបានដីសម្បទានសង្គមកិច្ច ដោយគ្រួសារនីមួយៗទទួលបានដីលំនៅដ្ឋាន ដីកសិកម្ម ជម្រកសម្រាប់ស្នាក់នៅ ក្នុងនោះក៏មានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព អណ្តូងទឹកស្អាត ជាពិសេស គឺមានការបណ្តុះបណ្តាលផ្នែកកសិកម្ម និងចិញ្ចឹមសត្វ ដូចជា ផ្តល់ពូជដំណាំ ពូជសត្វ មាន់ ជ្រូក ជាដើម ។

ឯកឧត្តមបានបន្ថែមទៀតថា សូមបងប្អូនកុំមានការព្រួយបារម្មណ៍ អាជ្ញាធរខេត្ត មិនយកបងប្អូនទុកចោលឲ្យទៅរស់នៅកណ្តាលព្រៃនោះទេ ហើយយើងមានថ្ងៃនេះ គឺដោយសារប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ដីសម្បទានសង្គមកិច្ច ដល់បងប្អូនប្រជាពលរដ្ឋណាដែលក្រីក្រ និងគ្មានដីហើយរាជរដ្ឋាភិបាលមិនទុកឲ្យបងប្អូនណាម្នាក់ ដាច់ពោះស្លាប់នោះទេ សុខទុក្ខរបស់បងប្អូន គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ ៕


Related Post