រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីលែងកូនត្រីពូជ ចំនួន ១០០គីឡូក្រាម នៅសហគមន៍ស្រះជម្រកត្រីអូរបុស្សម្កាក់ ស្រុកកំពង់ស្វាយ

 

ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅសហគមន៍ស្រះជម្រកត្រីអូរបុស្សម្កាក់ បានរៀបចំពិធីលែងកូនត្រីពូជ ១០០គីឡូក្រាម ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ស្ថិតនៅភូមិត្រពំាងឬស្សី ឃុំត្រពំាងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណ ១,000នាក់ផងដែរ ។

លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអានរបាយការណ៍អំពីស្ថានភាពស្រះសហគមន៍នេះ ត្រូវបានបង្កើតឡើងមានសមាជិក ចំនួន ៣៧០គ្រួសារ និងគណៈកម្មការ ចំនួន ៧រូប ដែលមានផ្ទៃក្រឡា ១៨.៩៣ហិចតា មានជម្រៅទឹកនៅរដូវប្រាំង ចំនួន ១ម៉ែត្រ និងរដូវវស្សា ចំនួន ៣ម៉ែត្រ ហើយ នេះ ជាលើកទី១៥ ហើយ ដែលយើងបានរៀបចំប្រារព្ធពិធីលែងកូនត្រីពូជ និងត្រីមេពូជ ចំនួន ១០០គីឡូក្រាម ដែលមានចំនួនសរុប ៤ម៉ឺនក្បាល ក្នុងនោះ កូនត្រីឆ្ពិន ៣ម៉ឺនក្បាល កូនត្រីកាហែ ៩ពាន់ក្បាល និងកូនត្រីកន្ធរ ១ពាន់ក្បាល ។ លើសពីនេះទៅទៀតយើងក៏មានលែងនូវអន្ទង់ អណ្តើកចំនួនទៀត នៅក្នុងស្រះសហគមន៍ជម្រកត្រីអូរបុស្សម្កាក់ ដើម្បីធ្វើបឹងនេះកាន់តែសម្បូរត្រី ដែលជាប្រយោជន៍បម្រើសេចក្តីត្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ ។

ថ្លែងក្នុងពិធីដ៏វិសេសវិសាលនេះដែរ ឯកឧត្តម សុខ លូ បានលើកឡើងថា ការប្រារព្ធពិធីលែងកូនត្រីពូជនេះត្រូវបានរៀបចំឡើងចំពេលរដូវបិទនេសាទទូទំាងប្រទេស លើកលែងតែការធ្វើនេសាទជាលក្ខណៈគ្រួសារ ដើម្បីបង្កលក្ខណៈឲ្យហ្វូងមច្ឆាជាតិទំាងឡាយ មានលទ្ធភាពបន្តពូជសម្រាប់ឆ្នាំក្រោយៗបន្តទៀត ជាពិសេសក្នុងគោលបំណងដើម្បីបំផុសមហាជនឲ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផល ឲ្យមានការប្រសើរឡើង ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានរៀបចំកម្មវិធីកំណែទម្រង់វិស័យជលផល ដោយបានលុបឡូត៍នេសាទទំាងអស់ ហើយបានប្រគល់សិទ្ធិអំណាចទៅឲ្យសហគមន៍គ្រប់គ្រង និងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ។

ឯកឧត្តមបន្ថែមទៀតថា ក្នុងនាមជាមន្រ្តី ខណ្ឌជលផលខេត្ត និងអាជ្ញាធរពាក់ព័ន្ធត្រូវមានភារកិច្ចធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តិ ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ត្រូវធ្វើការបង្កា្របបទល្មើសនេសាទឲ្យមានប្រសិទ្ធិ ដោយធ្វើការសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ទីរជាប់ពាក់ព័ន្ធ ធ្វើការបំផុសការអភិវឌ្ឍ វារីវប្បកម្ម ពង្រឹងសម្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែលបានបង្កើតរួចជាស្រេចឲ្យបានរឹងមាំ រៀបចំការបោះបង្គោលព្រំកន្លែងអភិរក្ស និងកន្លែងនេសាទគ្រួសារឲ្យបានច្បាស់លាស់ ត្រូវចាត់វិធានការ លើជនល្មើសបំផ្លាញព្រៃលិចទឹក និងរក្សាព្រៃលិចទឹកឲ្យបានគង់វង្ស ជាពិសេសគឺធ្វើការទប់ស្កាត់ និងអំពាវនាវដល់បងប្អូនកុំឲ្យ ធ្វើការនេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆក់ និងស្បៃមុងដែលនាំឲ្យ វិនាសពូជត្រីទាំងស្រុងនាពេលអនាគត ។

ប្រជាពលរដ្ឋមានការអប់អរសាទរចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ជាពិសេសខណ្ឌរដ្ឋបាលជលផល ដែលបានរៀចំពិធីលែងកូនត្រីពូជនេះ ដើម្បីធ្វើឲ្យមានការកើនឡើងវិញនូវមច្ឆាជាតិផងដែរ ។

Related Post