ព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៧ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យលើទណ្ឌិត ដែលមាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ស្នងការរង និងមន្ត្រីអាគារនុរក្សពន្ធនាគារ ដើម្បីដាក់ស្នើសុំបន្ធូរបន្ថយទោសចំពោះទណ្ឌិតណាដែលបានព្យាយាម កសាងខ្លួនបានល្អ និងឆាប់បានរួចទោស ។
លោក ភាន ឆវ័ន្ត ប្រធានពន្ធនាគារខេត្តកំពង់ធំ លើកឡើងថា ក្នុងខេត្តកំពង់ធំ មានជនជាប់ឃុំ ចំនួន ៦៤២នាក់ ស្រីចំនួន ៥១នាក់ អនិតិជន ៣៣នាក់ ស្រី ០៤ នាក់ ក្នុងនោះមានជនត្រូវចោទ ៩៦នាក់, ជនជាប់ចោទ ១១៨នាក់ ពិរុទ្ធជន ២៩៤នាក់ និងទណ្ឌិត ១១៣នាក់។ ក្នុងកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យបន្ថែមលើទណ្ឌិត ដែលបានប្រឹងប្រែង កសាងខ្លួនបានល្អ រួចដាក់សំណើ បន្ធូរបន្ថយទោសទៅគណៈកម្មការថ្នាក់ជាតិ ក្នុងឱកាសពិធីបុណ្យ អ៊ុំទូក អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៧ ខាងមុខនេះ ។ ក្នុងសំណើនោះមាន សុំបន្ថយទោស ១២ខែ ចំនួន ០៧នាក់ ស្រី ០០នាក់ សុំបន្ថយទោស ០៩ខែចំនួន ០៩នាក់ ស្រី ០២នាក់ សុំបន្ថយទោស ០៦ខែ ចំនួន ០៦នាក់ ស្រី ០៣នាក់ ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការ លើកលែង និងបន្ធូរបន្ថយទោសខេត្ត លើកឡើងថា ការលើកលែងទោស និងបន្ធូរបន្ថយទោសឲ្យទណ្ឌិត គឺធ្វើការវាយតម្លៃទៅលើសកម្មភាពកសាងខ្លួនរបស់ទណ្ឌិតម្នាក់ៗ ដោយផ្អែកលើលក្ខណៈសម្បត្តិ ០៤ យ៉ាងគឺ៖
១. ទទួលស្គាល់ទោសកុំហុស ដូចបានកំណត់នៅក្នុងសាលក្រមស្ថាពរ ហើយតាំងចិត្តកែប្រែ ដើម្បីកសាងខ្លួនជាពលរដ្ឋល្អ អាចធ្វើសមាហរណកម្មក្នុងសង្គមនាពេលអនាគត ។
២. គោរព និងអនុវត្ត ម៉ឺងម៉ាត់ នូវវិន័យ បទបញ្ជាផ្ទៃក្នុងពន្ធនាគារ សកម្មភាពចូលរួមបង្ការ ទប់ស្កាត់ទង្វើល្មើសរបស់អ្នកទោសផ្សេងទៀតក្នុងពន្ធនាគារ មិននិយាយ ឬប្រព្រឹត្តទង្វើទាំងឡាយណាដែលជះឥទ្ធិពលដល់អ្នកដ៏ទៃ ។
៣. សកម្មភាពក្នុងការងារពលកម្ម និងរៀនវិជ្ជាជីវៈប្រកបដោយស្មារតីភ្ញាក់រលឹក ប្រឹងប្រែងសម្រេចបានតាមផែនការកំណត់ ដែលជាឥទ្ធិពលក្នុងការជម្រុញចលនាប្រឡងប្រណាំងក្នុងចំណោមទណ្ឌិតទាំងឡាយ បង្កើតគំនិតច្នៃប្រឌិតដែលត្រូវបានទទួលស្គាល់ និងបញ្ចូលក្នុងការអប់រំការងារពលកម្ម និងបង្រៀនវិជ្ជាជីវៈ ។
៤. សកម្ម លត់ដំ និងអប់រំខ្លួន កសាងចរិយាមាយាទ លើកកម្ពស់សីលធម៌រស់នៅ គោរពកិត្តិយស និងសេចក្តីថ្លៃថ្នូរចំពោះខ្លួនឯង និងអ្នកដ៏ទៃ ដើម្បីក្លាយជាពលរដ្ឋស្លូតត្រង់ មានប្រយោជន៍សម្រាប់ជាតិ ព្រមទាំងមានស្មារតីជួយដល់ទណ្ឌិតដ៏ទៃទៀតឲ្យខិតខំកសាងខ្លួនដើម្បីភាពរីកចម្រើនទាំងអស់គ្នា។
ឯកឧត្តម បន្តថា ដោយយោងលើលក្ខណៈសម្បត្តិទាំងបួនខាងលើ នេះហើយ ទើបគណៈកម្មការលើកលែង និងបន្ធូរបន្ថយទោសថ្នាក់ខេត្ត បានធ្វើការវិនិច្ឆ័យ បន្ធូរបន្ថយទោស ទណ្ឌិតចំនួន ១៨ នាក់ លើចំនួន ១៩នាក់ ដោយ ០១នាក់ បានទទួលការបន្ធូរបន្ថយទោសកន្លងមករួចហើយ។ បន្ថែមពីនេះទៀត ឯកឧត្តម បានស្នើឲ្យមន្រ្តីពន្ធនាគារទាំងអស់ ជួយបន្ថែមទៀតក្នុងការអប់រំសីលធម៌ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ទណ្ឌិត ដើម្បីបានកសាងខ្លួនជាពលរដ្ឋល្អនាពេលអនាគត ៕