រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ដំណឹងរីករាយ១ទៀតហើយ! គឺចាប់ពីថ្ងៃទី០១ ខែកញ្ញានេះតទៅ កម្មករ-កម្មការិនី និងសិស្សនិស្សិតតាមផ្ទះជួល ប្រើប្រាស់ទឹកតម្លៃត្រឹមតែ៨០០រៀលប៉ុណ្ណោះក្នុង១ម៉ែត្រគូប!

ចាប់ពី​ថ្ងៃទី០១ ខែកញ្ញា​នេះ​តទៅ​កម្មករ-កម្មការិនី និង​សិស្ស​និស្សិត ដែល​រស់នៅ​តាម​ផ្ទះជួល ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​ប្រើប្រាស់​ទឹកស្អាត របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ តម្លៃ​ត្រឹមតែ៨០០រៀល​ក្នុង១ម៉ែត្រគីប​តែប៉ុណ្ណោះ ខណៈ​ម្ចាស់ផ្ទះ​ជួល​ប្រើប្រាស់​ទឹក តម្លៃ​ត្រឹមតែ៧០០រៀល​ក្នុង១ម៉ែត្រគូប។

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ក្នុងឱកាស​ជួប​សំណេះសំណាល ជាមួយ​កម្មករ-កម្មការិនី​ជាង១ម៉ឺន​នាក់ នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ទី២ កាលពី​ព្រឹក​ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧ថា «តម្លៃ​ទឹក​ដែល​ពីមុន រដ្ឋាករទឹក​លក់​ឲ្យ​ម្ចាស់ផ្ទះ​ថ្លៃ១០៣០រៀល​ក្នុង១ម៉ែត្រគូប ឯ​ម្ចាស់ផ្ទះ​លក់​ឲ្យ​កម្មករ​តម្លៃ១២០០រៀល ប៉ុន្តែ​ចាប់ពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧តទៅ រដ្ឋាករទឹក​លក់​ឲ្យ​ម្ចាស់ផ្ទះ៧០០រៀល និង​ម្ចាស់ផ្ទះ​លក់​ឲ្យ​កម្មករ​ត្រឹមតែ៨០០រៀល​តែប៉ុណ្ណោះ ដូច្នេះ​កម្មករ​នឹង​ចំណេញ៤០០រៀល ក្នុង១ម៉ែត្រគូប»។

ស្របគ្នា​នឹង​ប្រសាសន៍​របស់​ សម្តេច​តេជោ ហ៊ុន សែន អំពី​ការបញ្ចុះ​តម្លៃ​ទឹក​ជូន​កម្មករ កម្មការិនី និង​សិស្ស​និស្សិត​នេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ចេញ​សេចក្ដីសម្រេច​ផ្លូវការ ស្ដីពី​ការកែសម្រួល និង​បំពេញបន្ថែម​ការកំណត់ ថ្លៃ​លក់​ទឹក ដែល​ផលិត និង​ផ្គត់ផ្គង់​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ។

នៅក្នុង​សេចក្តីសម្រេច​នេះ ក្រសួង​ឧស្សហ​កម្ម បានបញ្ជាក់​ថា ទឹក​សម្រាប់​លក់​ជូន​ដល់​ម្ចាស់ផ្ទះ ឬ​ម្ចាស់​អគារ​ដែលមាន​បន្ទប់​ជួល​ឲ្យ​កម្មករ កម្មការិនី និង​សិស្ស និស្សិត ស្នាក់នៅ​ដោយ​គិត​ក្នុងតម្លៃ ៧០០រៀល ក្នុង​មួយ​ម៉ែត្រគូប ហើយ​ម្ចាស់ផ្ទះ ឬ​ម្ចាស់​អគារ ត្រូវលក់​ទឹកស្អាត​នេះ ក្នុងតម្លៃ៨០០រៀល។

លោក ស៉ឹ​ម ស៉ី​ថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ថា ដើម្បី​ផ្តល់នូវ​ភាពត្រឹមត្រូវ​នៃ​ការលក់​ទឹក​ឲ្យ​កម្មករ-កម្មការិនី និង​សិស្ស​និស្សិត​នោះ ម្ចាស់ផ្ទះ​ជួល​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រសួង ដោយ​មិនត្រូវ​លក់​ទឹក​បន្ត​ឲ្យ អ្នកផ្សេង​ក្រៅពី​កម្មករ កម្មការិនី ឬ​សិស្ស​និស្សិត​ក្នុង​ផ្ទះជួល​នោះទេ ហើយ​ត្រូវលក់​ក្នុងតម្លៃ​ដែល​បានកំណត់។

ទាំងនេះ​សបញ្ជាក់​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច​តេជោ ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់ គិតគូរ​យ៉ាងខ្លាំង​ចំពោះ ការលើកស្ទួយ​ជីវភាពរស់នៅ​របស់​កម្មករ-កម្មការិនី រួមមាន តាមរយៈ​ការដំឡើង​ប្រាក់ខែ, ការបញ្ចុះ​ថ្លៃ​អគ្គិសនី, ការបញ្ចុះ​ថ្លៃ​ទឹក, ការ​ជិះរថយន្ត​ក្រុង​របស់​រាជធានី​ភ្នំពេញ ដោយ​ឥតគិតថ្លៃ​រយៈពេល២ឆ្នាំ ចាប់ពី​ថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩, ចាប់ពី​ខែមករា ឆ្នាំ២០១៨ ថៅកែ​រោងចក្រ សហគ្រាស ជា​អ្នក​ត្រូវ​ទទួលរ៉ាប់រង រាល់​សេវា​គាំពារ​សុខភាព​របស់​កម្មករ និយោជិត ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀល​ក្នុង​មួយឆ្នាំ និង​ចាប់ពី​ឆ្នាំ២០១៩ កម្មករ និយោជិត មាន​ប្រាក់​សោធន​និវត្តន៍​ដូច​មន្រ្តី រាជការ​ផងដែរ៕ ប្រភព Fresh News

Download (PDF, 454KB)

Related Post